ក្រុមហ៊ុនជប៉ុន បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថា នឹងចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ក្នុងទិសដៅរួមគ្នាផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់តម្រូវការទីផ្សារ និងនាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia

អត្ថបទដោយ៖
Kien Sereyvuth

ការថ្លែងដូចនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងជំនួប រវាងឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោក Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន មកពីក្រុមហ៊ុន Yamato Green Co., Ltd    ។ ជំនួបនេះមានបំណងសម្តែងការគួរសម និងពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសមកដល់ប្រទេសកម្ពុជាលើគ្រប់    វិស័យ និងគ្រប់កាលៈទេសៈ ធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ហើយក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ។ ជាក់ស្តែង ជំនួយឥតសំណងនៃមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ភោធឲ្យប្រើ ប្រាស់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល គឺជាសក្ខីភាពមួយទៀតបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសណ្តានចិត្តដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជា ដែលកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តមបន្ថែមទៀតថា ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ និងជាពិសេសក្នុងកាល:ទេស:ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ និងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាសដល់ប្រជាកសិករយើងដើម្បីកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី “កសិករ ទៅជាកសិ-ពាណិជ្ជករ”។
លោកNabeshima បានជ្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា  កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយតាំងពីចំណុចចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ។ ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។ ឃើញច្បាស់អំពីចំណុខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន១០ ប៉ុន្តែថ្ងៃនេះមានវត្តមានតែ៥ក្រុមហ៊ុន បានអញ្ជើញមកជួបឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ។ តាមរយ:តំណាងក្រុមហ៊ុននីមួយៗ បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថា នឹងចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសថ្មីៗដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងទិសដៅរួមគ្នាមួយគឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសោមនស្សរីករាយជាពន់ពេក និងគាំទ្រនូវរាល់ចំណុចសំខាន់ៗដែលក្រុមហ៊ុនបានលើកឡើង ហើយឯកឧត្តមសង្ឃឹម និងជឿជាក់ថា គម្រោងដ៏មានអត្ថប្រយោជន៍មួយនេះវានឹងទទួលបានជោគជ័យនាពេលអនាគត ដូចដែលក្តីស្រមៃរបស់រាជរដ្ឋាពិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម ក្នុងន័យទទួលបានភាពជាម្ចាស់ក្នុងការផលិត ផ្គត់ផ្គង់ និងឈានទៅធ្វើការនាំចេញបន្លែទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាក ” ផលិតផលកម្ពុជា”។  ដើម្បីឱ្យទាន់សភាពការណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មបង្កើតក្រុមការងាររៀបចំឯកសារ MOU ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមន្ទីរកសិកម្មខេត្តបាត់ដំបង និងខេត្តមណ្ឌលគីរីត្រូវត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីផ្តល់កិច្ចសហការឱ្យបានពេញ លេញជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner