សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ១០ឆ្នាំ និង ១ឆ្នាំ នៃការដាកបញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ១០ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) នៃការដាក់បញ្ចូលប្រសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងខួប ១ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និង ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺជាការរំលឹក និងជាការដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកស្នាដៃដ៏មហស្ចារ្យសម្រាប់ជាតិខ្មែរ។ មួយវិញទៀតជាការបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំ និងកុលបុត្រ កុលធីតាខ្មែរនាសម័យបច្ចុប្បន្នមិនបានព្រងើយកន្តើយចំពោះស្នាដៃបុព្វបុរសខ្មែរនោះឡើយ ហើយបន្តប្រឹងប្រែងពង្រីកភាពល្បាញល្បីនៃស្នាដៃបុព្វបុរសខ្មែរទៅកាន់ពិភពលោកឲ្យកាន់តែខ្ទរខ្ទារថែមទៀត។
ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទទាំងពីរនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានប្រឹងប្រែងរៀបចំរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។ ជាពិសេស បានបេសកជនពិសេសដូចជាសម្តេចវិបុលបញ្ញា សុខ អាន និងលោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ទៅធ្វើបទបង្ហាញ និងអះអាងនៅចំពោះមុខគណៈកម្មការបេតិកភណ្ឌពិភពលោក។
ក្នុងចំណោមប្រាសាទទាំងពីរនេះ ប្រាសាទព្រះវិហារមានការតស៊ូមតិច្រើន ព្រោះនៅអំឡុងពេលកម្ពុជាស្នើដាក់ប្រាសាទនេះចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកចំពោះពេលកម្ពុជាមានទំនាក់ទំនងមិនល្អជាមួយប្រទេសថៃ ហើយត្រូវបានប្រទេសទាមទារប្រាសាទព្រះវិហារនេះ ជាសម្បត្តិរបស់ពួកគេ។ ក្រោយពេលកម្ពុជាដាក់បញ្ចូលប្រាសាទមួយនេះជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយនោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារថែមទៀតផង។
នេះគឺជាប្រវត្តិត្រួសៗរបស់ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ក៏ដូចជាដំណាក់កាលនៃប្រឹងប្រែងរៀបចំឯកសារនានា ដើម្បីដាក់បញ្ចូលប្រាសាទទាំងពីរជាសម្បត្តិបេតិកភណ្ឌពិភពលោក៖
១៖ ប្រាសាទព្រះវិហារប្រាសាទព្រះវិហារ ស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។
ប្រាសាទព្រះវិហារសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា គឺព្រះឥសូរ។ ប្រាសាទសង់បែរទៅទិសខាងជើង លើភ្នំដងរែក ដែលមានជម្រាលចោតពីត្បូងទៅជើង។ ប្រាសាទព្រះវិហារ មានជណ្តើរបុរាណពីរ គឺជណ្តើរខាងជើងឡើងចំខ្លោងទ្វារទាំងប្រាំ និងជណ្តើរមួយទៀតឡើងពីខាងកើត មានចំណោតខ្លាំងជាងជណ្តើរខាងជើង។
ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នុំសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «យើងនឹងដាក់ប្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមផែនការដែលយើងគ្រោងទុកនេះ ជាអាទិភាព នៃគោលនយោបាយបរទេសរបស់កម្ពុជា»។ មួយឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
ដំណើរការនៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក បានជួបឧបសគ្គច្រើន និងប្រើពេលវេលាក៏ច្រើនឆ្នាំដែរ។ នៅឆ្នាំ២០០៦ គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញបានមកឃើញស្ថានភាពប្រាសាទរួច ក្នុងឆ្នាំ២០០៧ គណៈកម្មការបេតិកភណ្ឌពិភពលោក បានសម្រេចថា នឹងដាក់បញ្ចូនបប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ ដែលនេងប្រព្រឹត្តនៅប្រទេសកាណាដា។
២៖ ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីគូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។ តំបន់ប្រាសាទសំបូរព្រៃគុក មានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ។
តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡា ក្នុងចន្លោះចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទឦសានវរ្ម័ន្មទី១។ សំណង់ប្រាសាទសាងអំពីឥដ្ឋ ទួលបុរាណ សិលាចារិក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាផ្សេងដទៃទៀត។
សំណង់បុរាណទាំងនោះបានឆ្លុះបញ្ចាំងពីការរីកលូតលាស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ សំណង់ស្ថាបត្យកម្ម និងសិស្បៈនៅសំបូរព្រៃគុក បានបង្ហាញពីការទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា និងអារ្យធម៌ប្រទេសដទៃទៀត គួបផ្សំជាមួយវប្បធម៌ក្នុងស្រុក បង្កើតបានជាលក្ខណៈពិសេសនៃវប្បធម៌មួយដោយឡែករបស់ខ្មែរ។ ស្ថាបត្យកម្ម និងចម្លាក់ ក្បូរក្បាច់រចនានៅលើប្រាសាទប្រាំបីជ្រុង ដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថាប្រាសាទអណ្តែត និងក្បាច់លម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ ក្នុងប្រវត្តិនៃសិល្បៈខ្មែរ។
ទោះបីមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរនៅសតវត្សរ៍ទី៩ក្តី ក៏តំបន់សំបូរព្រៃគុក នៅតែជាមជ្ឈមណ្ឌលប្រតិបត្តិសាសនាដ៏សំខាន់នាសម័យអង្គរ ដោយមានសំណង់សាសនាបន្ថែម និងជួសជុលសំណង់ដែលមានស្រាប់នៅទីនោះសម្រាប់គោរពបូជាជាបន្តបន្ទាប់។ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានស្ថាបនាឡើងជាហូរហែរអស់រយៈពេលជាច្រើនសម័យកាល ដែលរំលេចឲ្យឃើញតួប្រាសាទ ព្រះបដិមារស្នាដៃសិល្បៈជាច្រើនទៀត ហើយបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលសព្វថ្ងៃនេះ។
បច្ចុប្បន្ន រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក កំពុងបើកទ្វារទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកឯកទេសនានា ចូលទស្សនា និងសិក្សាស្រាវជ្រាវទាំងបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿសាសានា។ ជាលទ្ធផលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោក សម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកស្ថាពរតាមសំណើររបស់កម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នាម័យប្រជុំកំពូលលើកទី៤១ ដែលប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នាទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ដែលមាន១៩៣ប្រទេសជាសមាជិក និងមាន២១ប្រទេសគណៈកម្មការអចិន្ត្រៃយ៍ក្នុងវាយតម្លៃ។
ការដាក់សម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់មួយនេះចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាប់ផ្តើមរៀបចំឯកសារដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២។
ឯកសារស្នើសុំនោះ បានផ្ញើជូនទៅអង្គការយូណេស្កូ ដែលមានស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង នាដើមឆ្នាំ២០១៦។ រយៈពេល៩ខែ បន្ទាប់ពីបញ្ជូនឯកសាររួច អ្នកឯកទេសរបស់អង្គការ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យឯកសារស្នើមានទិន្នន័យគ្រប់គ្រាន់ស្របតាមលក្ខណៈវិនិច្ឆ័យ របស់អង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក។
ក្រោយពេលអនុម័តបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបេតិកភណ្ឌពិភពលោក និងដើម្បីអបអរនូវជោគជ័យមហាប្រសើររបស់ជាតិ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានធ្វើពិធីយ៉ាងអធឹកអធមមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដើម្បីផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងសាកលលោកទាំងមូលឲ្យបានដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃកេរមតរកវប្បធម៌ ហើយក៏ជាឱកាសបង្ហាញឱ្យពិភពលោកបានស្គាល់កម្ពុជា កាន់តែច្រើន ជាពិសេសគឺ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកផ្ទាល់តែម្តង៕