ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន គឺដោយសារតែគណបក្សប្រជាជនកម្ពុជា
ខេត្តកណ្តាល ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល បានលើកឡើងថា នៅក្នុងរយៈពេលជិត៤០កន្លងមកនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានកសាង ស្តា និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ដោយមិនដែលដើរសន្យា និងការភូតភរកុហកដូចគណបក្សដទៃទៀតនោះឡើយ ។
ឯកឧត្តមបានលើកឡើងនៅក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីករ និងកសិករ ឃុំព្រែកអំពិល ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប និងត្រៀមខ្លួនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នេះថា ក្រោមការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលបានជំរុញស្ថាបនាផ្លូវនៅតាមមូលដ្នាន ទទួលបានសមិទ្ធផលជាច្រើនកើតឡើងជាហូរហែ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាពន្លឿនការអភិវឌ្ឍទៅដល់មូលដ្ឋាន និងគ្រប់ច្រកល្ហក ។
ឯកឧត្តមប្រធាន បន្តថា នៅក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ក្រោយពីប្រទេសជាតិងើបពីសង្គ្រាម និងបានចាប់ផ្តើមពីចំណុចសូន្យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដឹកនាំប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ គណបក្សប្រជាជនកម្ពុជាបានអនុវត្តន៍គោលនយោបាយយ៉ាងម៉ឺងម៉ាត់ នឹងបានចូលរួម យ៉ាងសកម្ម ក្នុងការពង្រីកបរិយាកាសនយោបាយឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រឹត និងប្រជាធិបតេយ្យ ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
ឯកឧត្តម ជាប ដាវុធ លើកឡើងថា ជាក់ស្តែងតំបន់ព្រែកអំបិល ក៏ដូចជាស្រុកខ្សាច់កណ្តាលទាំងមូល ពេលដែលប្រទេសជាតិមិនទាន់មានការអភិវឌ្ឍ ជាពិសេសក្នុងទស្សវត្សទី៨០ ឬ៩០ តំបន់នេះហាក់នៅឆ្ងាយពីទីក្រុង ព្រោះយើងគ្មានផ្លូវល្អសម្រាប់ធ្វើដំណើរ។ បច្ចុប្បន្ននៅក្នុងស្រុកខ្សាច់កណ្តាលទាំងមូល និងស្ទើរពាសពេញប្រទេសមានផ្លូវប្រទាក់ក្រឡា ជាពិសេសនៅតំបន់ចុងកាត់មាត់ញក ប្រជាពលរដ្ឋអាចធ្វើដំណើរទៅណាមកណាបានយ៉ាងស្រួល។ ក្រៅពីសមិទ្ធផលនេះ យើងនៅមានសមិទ្ធផលសំខាន់ជាច្រើនទៀត ដែលកំពុងផ្តល់សេវា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ។
ដូច្នេះ ដើម្បីជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍឥតឈប់ឈរ និងដើម្បីសេរីភាព ស្ថិរភាពសង្គម សូមប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសមេដឹកនាំមានសមត្ថភាព មានឧត្តម្ភមគតិ ស្រឡាញ់ប្រជាជន នៅជិតប្រជាជន និងស្រឡាញ់ការអភិវឌ្ឍ៕