គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ

ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច បានថ្លែងថា គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថេរភាពពេញលេញ បង្កលក្ខណៈឲ្យកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ហើយមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាយើងស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាង។ ឯកឧត្តម សួស គង់ ថ្លែងបែបនេះ ខណៈអញ្ជើញចូលរួមក្នុងពិធីបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១២៧រូប (ស្រី៨២រូប) នៅទីស្នាក់ការគណបក្សឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះបងប្អូន និងក្មួយៗដែលបានស្ម័គ្រចិត្តចូលជាសមាជិក សមាជិកា គណបក្សប្រជាកម្ពុជានាថ្ងៃនេះ គឺដោយសារ បងប្អូន និងក្មួយៗ បានពិចារណាយ៉ាងច្បាស់លាស់ពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។   ឯកឧត្តម បានជម្រាបជូនអង្គពិធី អំពីកំណើត និងប្រវត្តិតស៊ូរបស់គណបក្សប្រជាជនកម្ពុជា និងជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លើបនប្រល័យពូជសាសន៍ ប៉ុល ពត។

  ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរ អំពីស្នាដៃដ៏ត្រចះត្រចង់ និងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ មានភាពល្អប្រសើរ និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ ឯកឧត្តម បានផ្តាំផ្ញើដល់សមាជិក-សមាជិកាបក្សថ្មី ឲ្យគោរពលក្ខន្តិកៈបក្ស គាំទ្រគណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ លើសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត ។ ឯកឧត្តម គណអធិបតី នាំយកនូវវត្ថុអនុស្សាវរីយ៍ចែកជូនដល់សមាជិកថ្មីទាំង១២៧នាក់ រួមមាន សារ៉ុង អាវ និងមួក ផងដែរ៕ ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner