អាជ្ញាធរខេត្តសៀមរាបបានលើកឡើងថា វិស័យព្រះពុទ្ធសាសនារីកចំរើនទៅបានអាស្រ័យលើប្រទេសជាតិមានសុខសន្តិភាព និងប្រជាពលរដ្ឋមានជីវភាពធូរធារ

អត្ថបទដោយ៖
Kien Sereyvuth

 សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានលើកឡើងថា វិស័យព្រះពុទ្ធសាសនារីកចំរើនទៅបានអាស្រ័យលើប្រទេសជាតិមានសុខសន្តិភាព និងប្រជាពលរដ្ឋមានជីវភាពធូរធារ បានថ្លែងបែបនេះនៅក្នុងឱកាសប្រគេនទៀនចាំព្រះវស្សានៅវត្តរាជបូព៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ។ 
       ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យពុទ្ឋចក្រនៅកម្ពុជាមានការអភិវឌ្ឍន៍ រីកលូតលាស់គួរឱ្យកត់សំគាល់។ នៅកម្ពុជាវិស័យអាណាចក្រនិងពុទ្ឋចក្រតែងតែដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយចូលរួមជួយស្តារនិងអភិវឌ្ឍន័សង្គមជាតិឱ្យបានរីកចំរើន ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា បានចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។
     ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា៖ វិស័យព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចំរើនទៅបានគឺអាស្រ័យ ដោយប្រទេសជាតិមានសុខសន្តិភាព ហើយដោយសារសុខសន្តិភាពនេះហើយ ប្រជាពុទ្ឋបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ដែលញ៉ាំងឱ្យកំរិតសេដ្ឋកិច្ចនិងជីវភាពក្នុងគ្រួសារចេះតែរីកលូតលាស់ ហើយពួកគាត់រីករាយនិងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ ។ ឯកឧត្តមបន្តថា៖ ប្រទេសកម្ពុជាក្រោមការដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីអ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរក្រោមដំបូលសន្តិភាពតែមួយ។ប្រទេសមានស្ថេរភាព មានសុខសន្តិភាពទើបយើងមានឱកាសបានបំពេញបុណ្យតាមទៅកាលវេលា តាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ។ ឯកឧត្តមថា៖ បើគ្មានសុខសន្តិភាពពេញលេញបរិបូរទេអ្វីៗទាំងអស់នឹងរលាយបាត់បង់មិនអាចទាំងមិនអាចមានអ្វីយកមកបំពេញបានទេ។
     ក្រោមដំបូលសន្តិភាពនិងក្រោមនយោបាយ ឈ្នះ ឈ្នះ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាននិងកំពុងជម្រុញនូវការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ឆ្ពោះទៅកាន់វឌ្ឍនភាព កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ប្រកបដោយមោទនភាព តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារ៉ាម ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការទាក់ទាញវិនិយោគលើវិស័យកសិឧស្សាហកម្ម សិប្បកម្ម សហគ្រាស និងសំណង់នានាជាដើម ។  ដើម្បីរក្សាសន្តិភាពនិងភាពសុខក្សេមក្សាន្តរបស់ប្រទេសជាតិយើងឱ្យនៅស្ថិតស្ថេរគង់វង្ស សូមបងប្អូនប្រជាពុទ្ឋបរិស័ទកុំជឿការញុះញង់ពីក្រុមជនមួយចំនួន ដោយមិនឱ្យបងប្អូនទៅចូលរួមបោះឆ្នោត សូមបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៦ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ក្នុងពេលឆាប់ៗខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
សូមជំរាបថា៖ ឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្ត និង ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយមន្ត្រីថ្នាក់ដឹកនាំ អង្គភាពមន្ទីរស្ថាប័នមួយចំនួនក្នុងខេត្ត បាននាំយកទៀនអុជចាំព្រះវស្សាទៅប្រគេនព្រះសង្ឃ នៅវត្តចំនួន៤ក្នុងក្រុងសៀមរាប មានវត្តព្រះរាជបូព៌ វត្តដំណាក់ វត្តស្វាយ និងអាស្រមគោកស្រឹត ដោយក្នុងមួយវត្តទទួលបានទៀនវស្សាមួយគូរ និង គ្រឿងឧបភោគបរិភោគជាច្រើនទៀត ព្រមទាំងប្រគេនព្រះសង្ឃចំនួន៣៥ អង្គ មួយអង្គៗចំនួន១០ម៉ឺនរៀល និងចែកជូនដល់តាជីយាយជីចំនួន៧០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានឆ័ត្រ១ និងថវិកាចំនួន២ម៉ឺនរៀល និង ឧបត្ថម្ភក្នុងមួយវត្ត១លានរៀល គិតជាថវិកាទាំងអស់សរុបចំនួន 15លាន76ម៉ឹនរៀល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner