សកម្មជនគណបក្សប្រជាជនកម្ពុជានៅឃុំកណ្តៀងរាយ ជាង៦០០នាក់ ក្នុងខេត្តស្វាយរៀង ត្រៀមលក្ខណៈជាស្រេចដើម្បីឃោសនាបោះឆ្នោត
កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ លោក មឹុង ពន្លក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនជាង៦០០នាក់ នៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នៅក្នុងពិធីនេះ លោក ម៉ឹង ពន្លក បានធ្វើការកត់សម្គាល់ថា ការបោះឆ្នោតសកលនឹងមកដល់ក្នុងរយៈពេលជិតមួយខែខាងមុខនេះ ហើយលោកក៏បានណែនាំដល់សកម្មជនគណបក្សប្រជាជន ទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមឃោសនាបោះឆ្នោត និងបំផុសសមាជិកបក្សទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
លោកបានលើកឡើងពីគុណសម្បត្តិរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ រំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ស្វែងរកសន្តិភាព ឯកភាពជាតិ បង្រួបបង្រួមជាតិ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ជីវភាពប្រជាជនកាន់តែប្រសើរឡើង។ លោកម៉ឹង ពន្លក ក៍បានអំពាវនាវដល់មន្ត្រីបក្សទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។ លោកបានអំពាវនាវពលរដ្ឋទាំងអស់ដែលមានឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អដែលរស់នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
លោក ម៊ឹុង ពន្លក បានក្រើនរម្លឹកដល់សកម្មជនទាំងអស់ ត្រូវណែនាំដល់សមាជិបក្សពីរបៀបគូសសន្លឹកឆ្នោត និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នាំ គឺលេខរៀងទី២០។
គួររម្លឹកថា ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង គឺជាឃុំដែលគណបក្សប្រជាជន តែឈ្នះភ្លូកទឹកភ្លូកដី នៅរាល់ការបោះឆ្នោត ហើយនៅ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នៅក្នុងឆ្នាំ២០១៧កន្លងទៅ នៅឃុំកណ្ដៀងរាយ គណបក្សប្រជាជនកម្ពុជាទទួលបាន៦អសនៈក្នុងចំណោម៧អសនៈ។ បច្ចុប្បន្ន ក្នុងចំណោមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង៦ពាន់នាក់ក្នុងឃុំកណ្ដៀងរាយ គណបក្សប្រជាជនកម្ពុជា ត្រូវបានរាយការណ៍ថា មានសមាជិកជាង៥ពាន់នាក់។