កូនឈើជាងពីរពាន់ដើមត្រូវបានដាំលើផ្ទៃដីជិតពីរហិកតានៅស្រុកបន្ទាយស្រី កូនឈើយាង និង គគីរ ចំនួន២ពាន់៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដាំលើផ្ទៃដី២ហិចតាកន្លះ

អត្ថបទដោយ៖
Kien Sereyvuth

 សៀមរាប៖ កូនឈើជាងពីរពាន់ដើមត្រូវបានដាំលើផ្ទៃដីជិតពីរហិកតានៅស្រុកបន្ទាយស្រី កូនឈើយាង និង គគីរ ចំនួន២ពាន់៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានដាំលើផ្ទៃដី២ហិចតាកន្លះ។ ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ស្ថិតនៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និង ឯកឧត្ត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការជាច្រើននាក់បានចូលរួមផងដែរ ។

     បើយោងតាមរបាយការណ៍របស់លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា៖ ដោយបានអនុវត្តតាមគោលនយោបាយកំណែទម្រង់ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ សំដៅលើការធានាឲ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង បរិស្ថាន សម្រាប់មនុស្សជំនាន់ក្រោយ និងបច្ចុប្បន្ន ក៏ដូចទៅថ្ងៃអនាគត ជាលទ្ធផលមន្ត្រីរដ្ឋបាលព្រៃឈើ បានអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ និង ការងារគ្រប់គ្រង អភិរក្ស  អភិវឌ្ឍន៍ វិស័យព្រៃឈើ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ដោយទប់ស្កាត់ការកាប់ទន្រ្ទានដីព្រៃឈើ និង បង្រ្កាបបទល្មើសការដឹកជញ្ជូនឈើខុសច្បាប់ជាដើមទទួលបានលទ្ឋផលជាវិជ្ជមានល្អប្រសើរ ។

     ថ្លែងក្នុងឱកាសដាំកូនឈើនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ បុណ្យរុក្ខទិវានាពេលនេះ  គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ ជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល ។ ក្នុងគោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព។ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានល្អប្រសើរឡើង និងប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះឲ្យមានទេសភាពល្អ ប្រកប ដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើងថែមទៀត ។ ឯកឧត្តម បន្តទៀតថា៖ ព្រៃឈើមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាសជាដើម ។

ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និង ជាអាយុជីវិតមនុស្ស និងសត្វដែលទាមទារឲ្យមានការគ្រប់គ្រង និង ការប្រើប្រាស់ធនធានធម្មជាតិ ឱ្យសមហេតុសមផល។ ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ។ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខដុមរមនាក្នុងការរស់នៅរបស់មនុស្សយើងគ្រប់ៗគ្នា៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner