សួន Eden Garden ដែលជាការអភិវឌ្ឍន៍តំបន់កម្សាន្តបែបទំនើបនៅក្នុងគម្រោងទីក្រុង ភ្នំពេញស៊ីធី សេនធ័រ បើកដំណើរការជាផ្លូវការហើយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សួន Eden Garden ដែលជាប្រជុំទីកន្លែងកម្សាន្ត និងលំហែ ២៤ ម៉ោង ដំបូងគេនៅរាជ ធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ ដោយស្ថិតនៅចំកណ្ដាលទីក្រុងរណបថ្មី គឺភ្នំពេញស៊ីធីសេនធ័រ ដែលជាគម្រោងអភិវឌ្ឍន៍មេដ៏ធំបំផុតមួយពោរពេញ ដោយសក្តានុពល នៅក្នុងរាជធានីភ្នំពេញ ។
នៅក្នុង សួន Eden Garden មានកន្លែងកម្សាន្ត ហាងអាហារ និងភេសជ្ជៈ ព្រមទាំងហាងទំនិញ ចម្រុះចំនួន២៦កន្លែង ដោយរួមមានទាំងម៉ាកយីហោក្នុងស្រុក ដូចជារោងភាពយន្តលេជិន (Legend Cinema) និងក្លឹបរាត្រី Epic 2 ព្រមជាមួយនឹងម៉ាកយីហោអន្តរជាតិល្បីៗដូចជា Koi The, Starbucks និង S&P ជាដើម ។ សួន Eden Garden នឹងមានផ្ដល់នូវអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់វ័យក្នុងរយៈពេលមួយថ្ងៃពេញ មានចាប់តាំងពីកាហ្វេពេលព្រឹក ការដើរទិញវត្ថុសិល្បៈ និងសិប្បកម្មបែបខ្មែរ ក្រោយពេលញ៉ាំអាហារថ្ងៃត្រង់រួច រហូតដល់ការរីករាយទស្សនាខ្សែភាពយន្តថ្មីៗ និងការសម្ដែងរបស់ DJ នៅពេលរាត្រីថែមទៀតផង ។
លោក ឡាវ អាឡិច នាយកក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ បានឲ្យដឹងថា ទីប្រជុំកន្លែងកម្សាន្តនេះត្រូវបានរៀបចំឡើង ដើម្បីទាក់ទាញទាំងភ្ញៀវក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរណ៍ ។ លោកបន្តថា “យើងចង់ឲ្យសួន Eden Garden ក្លាយជាគោលដៅទេសចរណ៍ដែលមានឈ្មោះល្បី ក្នុងទីក្រុងដ៏អស្ចារ្យនេះ ដូច្នេះយើងចាំបាច់ត្រូវមានការរៀបចំរចនាបថ ដែលមានលក្ខណៈ ពិសេសពិតៗ ។ ម្លោះហើយ គោលដៅរបស់យើងក្នុងការបង្កើតទីធ្លាខាងក្រៅពណ៌បៃតង ដែលមានបាំងថ្ងៃពីលើ និងប្រព័ន្ធភ្លើងចម្រុះពណ៌នាពេលរាលត្រី គឺមានបំណងធ្វើឲ្យសួន Eden Garden ក្លាយជាតំបន់ទាក់ទាញទាំងពេលថ្ងៃ និងពេលរាត្រី ។ សួនដែលគ្របដណ្ដប់លើផ្ទៃដី២ហិចតានេះ មានទេសភាពសួនច្បារដ៏ធំ  និងទីកន្លែងចតរថយន្តដ៏ទូលាយ ក្នុងបំណងធានាឲ្យបានថា រាល់ការមកកម្សាន្តម្ដងៗ នឹងទទួលបានភាពរីករាយ និងបំបាត់រាល់ភាពតានតឹងនៅក្នុងចិត្ត ។
នាយកគ្រប់គ្រងសួន Eden Garden លោក Faz Ghotbi មាប្រសាសន៍ថា គោលបំណងរបស់យើង គឺចង់ឲ្យអតិថិជនបានឃើញសួន Eden Garden ជាសួន អូអាស៊ីស (an oasis) ដែលពួកគេអាចមកលេងទទួលទានភេសជ្ជៈ ឬម្ហូបអាហារ សម្រាកយកកម្លាំង និងបំភ្លេចចោលនូវការងារ ឬកាលវិភាគដ៏មមាញឹកក្នុងជីវិតរបស់ពួកគាត់” ។ ដោយមានទីតាំងស្ថិតនៅក្នុង គម្រោងអភិវឌ្ឍន៍ភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ សួន Eden Garden មានបំណងផ្ដល់នូវរបៀបរបបរស់នៅល្អបំផុត ដល់ប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរណ៍គ្រប់វ័យទាំងអស់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner