គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ
គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ
តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំរួចហើយថា បើទោះបីយើង បានចេញដំណើរ ពីឆ្នាំ១៩៧៩ ដោយបាតដៃទទេ និងឆ្លងកាត់ឧបសគ្គជាច្រើន ស្ទើររាប់មិនអស់ ក្នុងការ ស្វែងរកសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ យ៉ាងណាក៏ដោយ ក៏យើងត្រូវតែបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ ដោយមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ រហូតមានកិត្យានុភាព លេចធ្លោនៅលើឆាក អន្តរជាតិដ៏គួរជាទីមោទនៈ ។
នេះជាការគូសបញ្ជាក់ជាថ្មី របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរីមានជ័យ ហៅវត្តបឹងជ្រោង ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ មិថុនានេះ ដោយក្នុងពិធីនេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះគ្រូចៅអធិការគ្រប់ជំនាន់ ពុទ្ធបរិស័ទ និងសប្បុរជនជិតឆ្ងាយ ដែលបានរួមសាមគ្គីគ្នា យ៉ាងសស្រាក់សស្រាំ កសាងសមិទ្ធផលសំខាន់ៗ ដ៏ច្រើនក្នុងទីអារាមនេះ ។
សម្តេចប្រធានរដ្ឋសភា បានបន្ថែមថា បច្ចុប្បន្ននេះ វិស័យពុទ្ធចក្រ មានការរីកចម្រើនយ៉ាងខ្លាំង យើងមានវត្តអារាម នៅទូទាំងប្រទេស ជាង៤ពាន់វត្ត ហើយមានព្រះសង្ឃជាង ៥ម៉ឺនអង្គ ។ ជាមួយគ្នានេះ ដែរ ព្រះវិហារឥស្លាម គ្រឹស្តសាសនា និងសាសនាដទៃទៀត ក៏បានកើតឡើងព្រោងព្រាត ជាបន្តបន្ទាប់ ហើយអ្វីដែលសំខាន់ជាងនេះទៀត គឺការធ្វើសុខដុមនីយកម្មសាសនា នៅទូទាំងប្រទេសរបស់យើង ដោយសន្តិភាព មិនមានជម្លោះទាស់ទែងគ្នា រវាងសាសនាមួយ និងសាសនាមួយទៀតឡើយ ។ យើងតែងបានចាត់ទុកថា ទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈ សម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់សាមគ្គី គ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង ។ ក្នុងន័យនេះ វត្តអារាម គឺជាជម្រកដ៏មានសុវត្ថិភាព និងប្រកបដោយភាពសុខសាន្តបំផុត សម្រាប់លោកយាយ លោកតា និងចៅៗសិស្សានុសិស្ស មកស្នាក់នៅ រៀនសូត្រ ទាំងផ្លូវលោក និងផ្លូវធម៌ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជិត៤០ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា បានផ្ដល់ឱកាសយ៉ាងពេញលេញ ឱ្យប្រជាជនកម្ពុជា គោរពជំនឿសាសនាឡើងវិញ ទៅតាមអ្វីដែលជាចំណង់ចំណូលចិត្ត របស់ប្រជាជន ។ យើងកំពុងអនុវត្តយ៉ាងត្រឹមត្រូវ តាមបាវចនា គឺ «ជាតិ សាសនា ព្រះមហាក្សត្រ»។ ក្នុងន័យនេះ យើងតែងលើកតម្លៃព្រះសង្ឃ ដែលជាស្រែបុណ្យ និងជាបុគ្គល ដែលយើងជាពុទ្ធបរិស័ទ ត្រូវតែគោរព និងប្រណិបត្តិ ។
សម្តេចពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា ផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិតជាបានរួម ចំណែក និងមានចំណងទាក់ទងគ្នាបេះមិនដាច់ឡើយ។ ក្នុងន័យនេះ ប្រសិនបើប្រទេសជាតិមានអស្ថិរភាពហើយនោះ គឺពុទ្ធចក្រ ក៏មិនអាចមានជីវិតរស់រាន និងរីកចម្រើនបានឡើយ ។ ដូច្នេះ សម្តេចនៅតែ ទទូចសូមឱ្យព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា ព្រមទំាងបងប្អូនជនរួមជាតិ របស់យើងទំាងអស់ គឺត្រូវតែការពារឱ្យបាននូវសុខសន្ដិភាព និងពង្រឹងសាមគ្គីភាពជាតិ ដើម្បីប្រជាជាតិខ្មែរខ្លាំង និងរួមគ្នា អភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើនបន្តទៀត ។
សូមជម្រាបជូនថា ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរីមានជ័យ ហៅវត្តបឹងជ្រោង ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈទីប្រឹក្សាផ្ទាល់សម្តេច ប្រធានរដ្ឋសភា មួយ ក្រុមធ្វើការពិនិត្យ និងផ្តល់ថ្នាំសង្កូវ ព្យាបាលជម្ងឺផ្សេងៗ ដល់បងប្អូនប្រជាជនក្នុងមូល ដ្ឋាននេះដោយឥតគិតថ្លៃផងដែរ ៕