ស្នងការនគរបាលខេត្តកំពង់ធំ បានពង្រឹងការហ្វឹកហាត់ដល់កម្លាំងបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ គេចចេញពីគ្រោះអគ្គីភ័យនោះ ឲ្យបានទាន់ពេលវេលា!

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ ការហ្វឹកហាត់បន្ថែម ពីវិធីបង្ការ ទប់ស្កាត់ និងពន្លត់អគ្គីភ័យ ពេលចុះធ្វើអន្តរាគមន៍ ជួយសង្គ្រោះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ គ្រាមានគ្រោះអគ្គីភ័យនោះកើតឡើងនោះ គឺបានធ្វើឡើងក្រោមការដឹកនាំពី ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល នាព្រឹកថ្ងៃទី១៥មិថុនា២០១៨នេះ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ។ 

នៅក្នុងសកម្មភាពហ្វឹកហាត់ជាកង និងជាជួរនេះ កម្លាំងបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានហ្វឹកហាត់ពីវិធីច្រើនយ៉ាង ក្នុងពេលចុះជួយធ្វើអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ គេចចេញពីគ្រោះអគ្គីភ័យនោះ ត្រូវគេមើលឃើញថា កម្លាំងនគរបាលជំនាញ បានរៀនអនុវត្តបន្ថែម ពីរបៀបអូសទុយោទឹក របៀបបើកទឹក របៀបទប់ទុយោ របៀបបាញ់ទឹកតាមទីជិត ទីឆ្ងាយ និងពីរបៀបប្រើធុងហ្គាស ពេលភ្លើងកំពុងឆេះ តើត្រូវធ្វើតបៀបណាទើបភ្លើងរលត់ទៅវិញ ជាដើម។ល។

  ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងបញ្ជាក់ថា ដោយអនុវត្ត តាមប្រសាសន៍ដឹកនាំរបស់ឧបនាយករដ្ឋមន្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ លោកស្នងការ បានបន្តបើកការហ្វឹកហាត់បន្ថែម នៅហ្នឹងកន្លែង ដើម្បីពង្រឹងសមត្ថភាព ដល់កម្លាំងនគរបាលបង្ការ និងព្លត់អគ្គីភ័យ ឲ្យដឹងនិងចេះពីជំនាញរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈជាស្រេច ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដែលកើតឡើងជាយថាហេតុ សំដៅទប់ស្កាត់មិនឲ្យគ្រោះអគ្គីភ័យនោះ កើតឡើងជាទ្រង់ ទ្រាយធំនោះទេ និងដើម្បីធ្វើឲ្យប្រជាពលរដ្ឋ ទទួលបាននូវសេចក្តីសុខនោះទៀតផង ។

  លោកឧត្តមសេនីយ៍ស្នងការ បានជម្រុញដល់កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីឈានទៅសំរេចបានលទ្ធផលល្អ ហើយលោកស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានរស់នៅក្នុងខេត្តកំពង់ធំទាំងអស់ ត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យ ព្រោះវាអាចកើតឡើងបានគ្រប់ពេលវេលា។ ហើយនៅមុនពេលចាកចេញពី គេហដ្ឋានទៅណាមកណា ទោះទៅទីជិត ឬទីឆ្ងាយក្តី សូមគិតដល់បញ្ហាអគ្គីភ័យ ដែលតែងតែយាយីបំផ្លាញយើង នៅពេលមានចន្លោះ ដោយការភ្លាំងភ្លេច ដូចជា យើងត្រូវបិតកុងតាក់ ពន្លត់ភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើងធូប និងសារធាតុងាយឆេះនានាជាដើម ។ល។ លោកស្នងការបានបង្ហាញជំហរថា កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នឹងត្រៀមលក្ខណៈជានិច្ច សម្រាប់អន្តរាគមន៍ចុះជួយដល់ប្រជាពលរដ្ឋ នូវគ្រប់ពេលវេលាទាំងអស់ បើទោះបីជាត្រូវហត់នឿយយ៉ាងក៏ដោយ ឲ្យតែប្រជាពលរដ្ឋបានរស់នៅ ក្នុងសេចក្តីសុខក្សេមក្សាន្ត៕ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner