នគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម២៦នាក់ និងសូម៉ាលីម្នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខណ្ឌទួលគោក
(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការឃាត់ខ្លួនបុរសជនជាតិសូម៉ាលីម្នាក់ និង ជនជាតិវៀតណាម ចំនួន ២៦នាក់ (ស្រី ១២នាក់) ដែលបានលួចចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ ដែលគ្មានលិខិតឆ្លងដែន និង ឯកសារ មិនត្រឹមត្រូវ ក្នុងខណ្ឌទទួលគោក។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការរយៈពេលពីរថ្ងៃ ដោយនៅថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើឡើងដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងជំនាញបានចុះត្រួតពិនិត្យគោលដៅ ចំនួន ០២ទីតាំង គឺ ហាងកាហ្វេ ផ្លូវលេខ២២៣, ៣៣៦ សង្កាត់ផ្សារដើមគរ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់បានជនជាតិវៀតណាម ចំនួន ១៣នាក់ និងហាងកាហ្វេ បេនឡានផនលីម ហាងលក់បាយ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត, ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង និងគល់ស្ពានស្ទឹងមានជ័យ ខណ្ឌទួលគោក ឃាត់បានជនជាតិវៀតណាម ចំនួន ១៣នាក់ ដោយឡែកជនជាតិសូម៉ាលីម្នាក់ ។
ក្រោយពីកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម និងសូម៉ាលី ដែលស្នាក់នៅគ្មានលិខិតឆ្លងដែន និងគ្មានឯកសារត្រឹមត្រូវ នឹងត្រូវបណ្តេញចេញពី កម្ពុជា និងដាក់ឈ្មោះក្នុងបញ្ជីគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍៕