រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើរដ្ឋាភិបាលថៃ ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ចំពោះករណី ប្រើប្រាស់និមិត្តសញ្ញាជាតិរបស់កម្ពុជា នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើចរាចរណ៍លក់ នៅតាមទីផ្សារ មួយចំនួន

អត្ថបទដោយ៖
Kien Sereyvuth

រូបសញ្ញាអង្គរវត្ត ដែលមានសរសេរជាខេមរភាសា នៅលើ សំបកបាវ អង្កររបស់ថៃ ត្រូវគេឃើញបាននាំចេញទៅលក់នៅទីផ្សានាទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា នាពេលថ្មីនេះ។ការស្នើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់ប្រទេសថៃឡង់ដ៏ ប្រចាំនៅកម្ពុជាលោក ប៉ានីយ៉ារ៉ាក់ ពូលធុប នារសៀលថ្ងៃ១១មិថុនាម្សិលមិញ។ នៅក្នុងជំនួប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសំណូមពរ ដល់ភាគីថៃ ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ចំពោះករណីប្រើប្រាស់ និមិត្តសញ្ញាជាតិរបស់កម្ពុជា (ប្រាសាទអង្គរវត្ត) នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើ ចរាចរណ៍ លក់នៅតាមទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរេអាល់នៃប្រទេសកាណាដា។ ជាការឆ្លើយតប លោក ប៉ានីយ៉ារ៉ាក់ ពូលធុប បានជម្រាបលោករដ្ឋមន្ត្រី អំពីចំណាត់ការ របស់អាជ្ញាធរថៃ ក្នុងការជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយតំណាង ពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមាន តទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់។ លើសពីនេះ លោក ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលកន្លងមកបានជួយសម្របសម្រួលពាណិជ្ជករថៃ ក្នុងការធ្វើធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ នៅក្នុង ប្រទេសកម្ពុជា។ ក្នុងជំនួបនោះ ផងដែរ លោករដ្ឋមន្ត្រី សូរស័ក្តិ បានស្វាគមន៍ បានលើកឡើងអំពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងថៃឡង់ដ៏ ក៏ដូចជាវឌ្ឍនភាព ថ្មីៗនៃកិច្ចសហប្រតិការលើវិស័យពាណិជ្ជកម្ម ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកបានខៅឌីន ក្នុងខេត្តស្រះកែវ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរ អន្តរជាតិ និងការពង្រីកកិច្ចសហការធុរកិច្ចរបស់ពាណិជ្ជករនៃប្រទេសទាំងពីរ។ លោក ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ ថានឹងអាចសម្រេចបានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០ តាមផែនការដែលគ្រោងទុក ខណៈដែលឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានចំនួន ៦ប៊ីលានដុល្លារ រួចទៅហើយ។ គួររំលឹកដែរថា កាលពីកំឡុងខែមីនា កន្លងមកនេះ ប្រទេសកម្ពុជា និងថៃឡង់ដ៏ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ ក្នុងនោះ ប្រទេសទាំងពីរបានព្រមព្រៀងពង្រឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗ បន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។ បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួនពីរគឺ (១) យុទ្ធសាស្ត្រកំណើននៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តនៅជាប់ព្រំដែន និង(២) អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner