ប្រមុខអង្គការសហប្រជាជាតិសម្តែងការសាទរ ចំពោះការសម្រេចបាននូវកិច្ចព្រមព្រៀងលើបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅលីប៊ី
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានសាទរដល់គូជម្លោះទាំងពីររបស់លីប៊ី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្ត្រៃយ៍ នៅក្នុងថ្ងៃសុក្រនេះ នៅឯទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ស្ថិតក្រោមការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ។

ប្រេសិតស្តីទីរបស់អង្គការសហប្រជាជាតិតំណាងឱ្យប្រទេសលីប៊ី លោកស្រី ស្តេហ្វានី វីលលៀម បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃល្អសម្រាប់ប្រជាជនលីប៊ី ។ គណៈប្រតិភូលីប៊ីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ពេញលេញទូទាំងប្រទេស និងអចិន្រ្តៃយ៍ដោយចូលជាធរមានភ្លាមៗ ។ លោកស្រី វីលលៀម បន្ថែមថា ភាគីទាំងអស់បានឯកភាពថា គ្រប់អង្គភាពយោធា និងក្រុមប្រដាប់អាវុធនៅជួរមុខ នឹងវិលត្រឡប់ទៅជំរុំរបស់ពួកគេវិញ ខណៈទាហានស៊ីឈ្នួល និងយុទ្ធជនបរទេសទាំងអស់ ត្រូវតែចាកចេញក្នុងរយៈពេលបីខែ ។

ទន្ទឹមគ្នា ក្រុមអ្នកវិភាគបានព្រមានថា ត្រូវមានវិធានការបន្ថែមទៀតដើម្បីការពារកុំឱ្យអន្តរាយដល់កិច្ចព្រមព្រៀង ក្នុងប្រទេសដែលមានជម្លោះជិតមួយទសវត្សរ៍ចាប់តាំងពីការផ្តួលរំលំ និង ការសម្លាប់មេដឹកនាំផ្តាច់ការ ម៉ូអាម៉ា ហ្គាដាហ្វី នៅក្នុងការបះបោរគាំទ្រដោយណាតូកាលពីឆ្នាំ ២០១១ ។ ចាប់តាំងពីពេលនោះមក លីប៊ីត្រូវបានត្រួតត្រាដោយក្រុមប្រដាប់អាវុធជាច្រើន ញាំញីដោយជម្លោះក្នុងស្រុក និង បែងចែកគ្នារវាងរដ្ឋបាលជាគូប្រជែងគ្នា ៕

