ហេតុអ្វីសម្តេចតេជោ ហ៊ុន សែន ប្រកាន់ជំហរ ម៉ឺងម៉ាត់ ងើបមួយវ៉ៃមួយចំពោះក្រុមប្រឆាំង ជ្រុលនិយម?

អត្ថបទដោយ៖
ហេង វណ្ណា

នៅក្នុងដំណើរការកសាងជាតិជាង ៤០ឆ្នាំ ចុងក្រោយនេះ រាប់ចាប់តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម សម្តេចតេជោ  ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានលះបង់អស់ហើយទាំងដំណាក់កាលយក ជីវិតធ្វើដើមទុនរហូតដល់ដំណាក់កាលស្តារ ប្រទេសឡើងវិញពីគំនរ ផេះផង់ដោយយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ទម្រាំតែស្តារនិងកសាងប្រទេសជាតិបាន ដូចសព្វថ្ងៃ។ ការលះបង់ទាំងអស់នេះបានប្រែក្លាយប្រទេស ជាតិពីវាលពិឃាដមក ជាប្រទេសដែល ពោរពេញដោយការអភិវឌ្ឍន៍។ ពីប្រទេសមួយដែលលឺតែសម្រែកទួញសោកនិងដក់ដោយឈាមនិងទឹកភ្នែកមកជា ព្រះរាជាណាចក្រនៃ ស្នាមញញឹម។ ពីប្រទេសមួយលឺតែស្នូរកាំភ្លើងមកជាប្រទេសមួយដែល មានសន្តិភាពពេញលេញ។ ពីប្រទេសមួយដែលប្រជាជនធ្លាប់តែអត់ឃ្លានមកជា ប្រទេសមួយដែលសម្បូរសប្បាយនិងពីប្រទេសមួយដែលធ្លាប់ដណ្តើមអំណាចគ្នាដោយចុងកាណុងមកជាប្រទេសមួយដែលប្រើសន្លឹកឆ្នោតដើម្បីរើសមេដឹកនាំ។ ទាំងនេះគឺជាការផ្លាស់ប្តូរដ៏ស៊ីជម្រៅខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដែលគេមិនធ្លាប់បានជួបប្រទះពីមុនមក។

សមិទ្ធិផលមិនអាចកាត់ថ្លៃបានទាំងអស់នេះគឺជា ទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលត្រូវតែការពារមិនឲ្យអ្នកណាមកបំផ្លាញបានជាដាច់ខាត។ ប៉ុន្តែ ពីដំណាក់កាលមួយ ទៅមួយ មានក្រុមជ្រុលនិយមមួយក្តាប់តូចដែលជ្រកក្រោមស្លាក បក្សប្រឆាំងនិងជ្រកក្រោមលេស  ប្រជាធិប្បតេយ្យ និងសិទ្ធមនុស្សតែងតែធ្វើសកម្មភាពគ្រប់បែប យ៉ាងដើម្បីបំផ្លាញសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នោះឲ្យវិនាស សាបសូន្យទៅវិញក្រោមខ្សែញាក់របស់បរទេស។

នៅពេលខ្មែរក្រហម សម្លាប់ខ្មែរ ស្ទើរដាច់ពូជ ពួកគេចោទថាគឺបរទេសជាអ្នកសម្លាប់។ នៅពេលដែលសម្តេចតេជោ  ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្មគ្រចិត្តវៀតណាមបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពួកគេចោទថាជាអាយ៉ង យួន។ នៅពេលដែលរដ្ឋាភិបាលខិតខំគៀរគរជំនួយបរទេសមកស្តារ ប្រទេសឡើងវិញ ពួគគេ ដើរបំផុសឲ្យបរទេសផ្តាច់ជំនួយ។ នៅពេលរដ្ឋាភិបាលខិតខំទាក់ទាញអ្នកវិនិយោគទុនឲ្យមក បើករោងចក្របង្កើតការងារឲ្យកូនខ្មែរធ្វើ ពួកគេដឹកនាំបាតុកម្មខុសច្បាប់វាយបំផ្លាញរោងចក្រធ្វើឲ្យអ្នកវិនយោគបិទរោងចក្រ។

បច្ចុប្បន្ន នៅពេលដែល ប្រទេសជាតិក៏ដូចជា ពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ~១៩ ដែលធ្វើឲ្យមានមហន្តរាយធ្ងន់ធ្ងរដល់វិស័យសុខាភិបាល ជីវិតមនុស្សនិងវិស័យសេដ្ឋកិច្ច ។ល។ ពួក ប្រឆាំងជ្រុលនិយមបែរជានាំគ្នាប្រឌិតរឿងអកុសល បង្កើតព័ត៌មានក្លែងក្លាយនិងផ្សាយព័ត៌មានញុះញង់បញ្ឆេះកំហឹងគ្រប់ប្រភេទដើម្បីឲ្យសង្គមមានភាព ច្របូកច្របល់និងចលាចល។

នៅពេលដែលប្រទេសជាតិកំពុងជួបគ្រោះមហន្តរាយធម្មជាតិ ដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ហើយដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទកំពុងដុតដៃដុតជើងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះថ្នាក់ ពួក ប្រឆាំងជ្រុលនិយមបែរជាឈរឱបដៃមើលហើយ ស្រែកបន្ទោសនិងបំផុសព័ត៌មានបំពុលសង្គមដោយអសីលធម៌បំផុត។ ពួកគេថែមទាំងប្រឌិតរឿងជាច្រើនតាមរយៈការ យករូបថតចាស់ៗ ដែលកើតមានជាយូរមកហើយដែលរូបថតឬឃ្លីបវីដេអូខ្លះនៅស្រុកគេសោះមក បង្ហោះបន្លំថាជារឿងកើត នៅកម្ពុជាដើម្បីបង្កើតអោយមានការភាន់ច្រឡំ។ បើទោះជាប្រើពេលមួយពាន់មួយយប់ក៏មិនអាច រៀបរាប់ពីសកម្មភាពអាក្រក់ជួរជាតិរបស់ក្រុមប្រឆាំងជ្រុលនិយម ឲ្យអស់សេចក្តីបានដែរ។

បច្ចុប្បន្ន ពួកគេកំពុងប្រើប្រាស់ថ្ងៃ ២៣ តុលា ដែលជាថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពី ២៩ ឆ្នាំមុន ដើម្បីបង្កអស្ថិរភាពសង្គមនិងបំផ្លាញសន្តិភាពក្នុង ប្រទេសទៅវិញ។ ទោះបីជាខ្លឹមសារ

សំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានច្របាច់ចូលក្នុងរដ្ឋធម្មនុញ្ញអស់ទៅហើយក៏ដោយ ក៏ពួកគេនៅតែចង់ប្រើប្រាស់ថ្ងៃនេះដើម្បីធ្វើវិទ្ធង្សនាបង្កការរំខានក្នុងខណៈដែលប្រទេស ជាតិនិងប្រជាពលរដ្ឋកំពុងរងគ្រោះដោយវិបត្តិកូវីដ១៩ និងគ្រោះទឹកជំនន់។ ប្រសិនបើពួកនេះមាន បេះដូចជាខ្មែរ ពួកគេ ប្រហែលជាត្រូវយកពេលវេលានេះទៅចូលរួមដោះស្រាយការលំបាក របស់ខ្មែរជាមិនខាន មិនមែនយកពេលវេលាដ៏លំបាកនេះទៅបង្កបញ្ហាបន្ថែមនោះឡើយ។

ទាំងអស់នេះហើយគឺជា ហេតុផលដែលសម្តេចតេជោ  ហ៊ុន សែន ត្រូវប្តូរផ្តាច់ដើម្បីការពារសមិទ្ធផល របស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឲ្យជនណា ឬក្រុមណាមួយមក បំផ្លាញបានឡើយទោះជាត្រូវចាយក្នុងតម្លៃណាក៏ដោយ។

សម្តេចតេជោ  ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកប្រើជីវិត ប្រើសាច់ស្រស់ឈាមស្រស់ដើម្បីកសាងសមិទ្ធផលដ៏ថ្លៃថ្លានេះ នៅតែបន្តធ្វើជាអ្នកការពារដ៏រឹងមាំចំពោះសន្តិភាព និងភាព សម្បូរសប្បាយរបស់ប្រជាជនខ្មែរជាដរាប។ ហើយចុងក្រោយនេះ សម្តេចតេជោ  ហ៊ុន សែន បាន ព្រមានយ៉ាងច្បាស់លាស់ដល់ពួកប្រឆាំងជ្រុលនិយមដែលធ្វើសកម្មភាពបំផ្លាញសមិទ្ធផលរបស់ប្រជាជន ដូចបានលើកឡើងខាងលើថា បើហ៊ាន «ងើបមួយ វ៉ៃមួយ»។ ពាក្យនេះពិតជាស័ក្តិសមណាស់ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ដែលធ្វើសកម្មភាពដើម្បីតែបំផ្លាញសមិទ្ធផលនិង សេចក្តីសុខសានរបស់ ប្រជាជន។

ជាការពិត បើគ្មានមេដឹកនាំម៉ឺងម៉ាត់ ច្បាស់លាស់និងមានសមត្ថភាពពិសេសដែលអាចដឹកនាំបញ្ជាកម្លាំងបានគ្រប់មជ្ឈដ្ឋានដូច សម្តេចតេជោ  ហ៊ុន សែន ទេនោះ កម្ពុជាច្បាស់ជាត្រូវធ្លាក់ក្នុងកណ្តាប់ដៃ ក្រុមប្រឆាំងជ្រុលនិយម ហើយបានវិលទៅរកអតីតកាលដ៏សែនឈឺចាប់វិញបាត់ទៅហើយ។

ប៉ុន្តែ វត្តមានដ៏រឹងមាំរបស់សម្តេចតេជោ  ហ៊ុន សែន ពិតជា បាននិងកំពុងរក្សាបាន នូវសន្តិភាពនិងសមិទ្ធផលដ៏ថ្លៃថ្លានានាជូនប្រទេសជាតិ និងប្រជាជនរហូតមកទល់សព្វថ្ងៃ។ ប្រជាជនកម្ពុជាពិតជាត្រូវការវត្តមានរបស់ សម្តេចតេជោ  ហ៊ុន សែន ដឹកនាំយូរអង្វែងតទៅមុខទៀត ដើម្បីជារបងការពារប្រឆាំងនឹងការប៉ុនប៉ង បំផ្លិចបំផ្លាញពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម។

បទបញ្ជា«ងើបមួយ វ៉ៃមួយ» ដែលសម្តេចតេជោ  ហ៊ុន សែន បានដាក់ចេញឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តចំពោះក្រុមប្រឆាំងជ្រុលនិយមគឺជា «វិធានការដ៍មុតស្រួចនិងចាំបាច់ខ្វះមិនបាន» សម្រាប់ការពារសមិទ្ធផលរបស់ប្រទេសជាតិនិងប្រជាជន។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាពេញចិត្តឈរនៅខាងសម្តេចតេជោ  ហ៊ុន សែន ជានិច្ចពីព្រោះគាត់ជាតំណាងឲ្យអ្នកការពារ ជាស្ថាបនិកសន្តិភាព ជាគំរូនៃការលះបង់ដើម្បីជាតិនិងប្រជាជន និងជានិមិត្តរូបនៃសុខ សន្តិភាព ការអភិវឌ្ឍន៍ និងភាពសម្បូរសប្បាយនៃកម្ពុជា។

ក្នុងប្រវត្តិសាស្ត្រសម័យទំនើបនរបស់កម្ពុជា រយៈពេលជិតកន្លះសតវត្សរ៍ចុងក្រោយនេះ បើគ្មានវត្តមានរបស់ សម្តេចតេជោ  ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទេនោះ កម្ពុជាប្រហែល ជាបាត់ឈ្មោះពីផែនទីពិភពលោកបាត់ទៅ ហើយក៏មិនដឹង។ ចំណែកឯប្រជាពលរដ្ឋខ្មែរក៏ប្រហែលជាអាចស្លាប់ផុតពូជពីលើភពផែនដីនេះទៅហើយដែរ។

ដូច្នេះ យើងជាពលរដ្ធខ្មែរ មិនត្រូវបណ្តោយអោយជោគវាសនាយើងទាំងអស់គ្នា ជាពិសេស បំផុតនោះ សន្តិភាព សេចក្តីសុខនិងឪកាស មាសនៃការកសាងនិងអភិវឌ្ឍន៍ប្រទេសរបស យើងរបូតចេញផុតពីដៃ បានឡើយ ហើយក្នុង ស្ថានភាពដ៍ពិសេសនេះ គឺមានតែវិធានការ ពិសេស«ងើបមួយ វ៉ៃមួយ» លើពួកជ្រុលនិយម នេះទេដែលអាចថែរក្សានិងការពារបាន ដោយប្រសិទ្ធិភាពជាក់ស្តែងបំផុតនូវភាព សុខសាន្តរបស់ប្រជាជាតិ និងប្រជាជនយើង៕

ដោយ : អ្នកនយោបាយតុកាហ្វេ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner