ព្រឹទ្ធសភាកម្ពុជា បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ចំនួន៤ បន្ទាប់ពីរដ្ឋសភាអនុម័តកន្លងមកហើយបញ្ជូនឱ្យព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ ទុកជាលិខិតគតិយុត្តិបម្រើផលប្រយោជន៍ជាតិ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់សម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដោយ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា នេះ ឯកឧត្ដម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យ ព្រឹទ្ធសភាមានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ដោយសំឡេងគាំទ្រចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ឯកឧត្ដមបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ចំនួន៤នេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។
«សេចក្ដីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តិកាន់តែរឹងមាំ ប្រកបដោយតម្លាភាព ដែលនឹងផ្ដល់ផលប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ចជាតិ និងប្រជាជនយើង»។
សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ចំនួន៤ដែលព្រឹទ្ធសភាអនុម័តគាំទ្រនេះ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ៕ ប្រភព៖ ក្រសួងព័ត៌មាន