សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសួរសុខទុក្ខ មន្រ្តី កងកម្លាំង អាជ្ញាធរ សង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់សាក់សំពៅ …..
ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ មន្រ្តី អាជ្ញាធរ សង្កាត់ និងកងកម្លាំងនគរបាលប៉ុស្តិ៍ កងកម្លាំងប្រជាការពារ យុវជននារី នៅសាលាសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពីបានស្តាប់លោកស្រី ចៅសង្កាត់ និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល សង្កាត់សាក់សំពៅ ជម្រាបរាយការណ៍ ជូនអំពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់កន្លងមក និងការខូចខាតដូចជា កំណាត់ផ្លូវថ្នល់, ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាជន និងផលដំណាំផ្សេងៗ មានជាអាទិ៍ ដំណាំស្រូវ…។ល។ សម្តេចប្រធានក្រុមការងារ បានលើកសរសើរដល់អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ដែលកន្លងមកបានសហការរួមកម្លាំងគ្នាចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ បានទាន់ពេលវេលា យ៉ាងសស្រាក់សស្រាំ ហើយអនុវត្តតាមតួនាទីភារកិច្ច ក្នុងការសហការដោះស្រាយបញ្ហា និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានលទ្ធផលល្អ…។
- ចំពោះការខូចខាតកំណាត់ផ្លូវថ្នល់ គឺជាសមត្ថកិច្ចរបស់ក្រសួងស្ថាប័ន និងមន្ទីរជំនាញពាក់ព័ន្ធ ដែលនឹងចុះមកពិនិត្យផ្តល់ការជួសជុលឡើងវិញ។
- ចំពោះផលដំណាំ និងស្រូវដែលខូចខាត សូមអាជ្ញាធរភូមិ សង្កាត់ រាយការណ៍ជូនដល់ថ្នាក់ខណ្ឌ-រាជធានី ដើម្បីមានវិធានការណ៍ដោះស្រាយជួយផ្តល់ជាពូជធារ… ដល់គាត់ឡើងវិញ។
- ចំពោះស្ថានភាពបាក់ដីច្រាំង សណ្តរស្ទឹង និងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ៣គ្រួសារ នៅភូមិពោធិ៍រលំ ក៏សូមអាជ្ញាធរសង្កាត់រាយការណ៍ជូនថ្នាក់លើ ដើម្បីដោះស្រាយជួយឧបត្ថម្ភ អោយបានទាន់ពេលផងដែរ។ ព្រមជាមួយនេះដែរ សម្តេចប្រធានក្រុមការងារ ក៏បានរម្លឹកដល់អាជ្ញាធរសង្កាត់ កងកម្លាំងនរគបាលប៉ុស្តិ៍ កងកម្លាំងប្រជាការពារភូមិ សង្កាត់ និងក្មួយៗយុវជននារី អោយបន្តយកចិត្តទុកដាក់អនុវត្តកាន់តែសកម្មថែមទៀត ការពារសុខសុវត្ថិភាពជូនប្រជាជន ផ្តល់ការបម្រើសេវាសាធារណៈកាន់តែល្អ ដើម្បីអោយប្រជាពលរដ្ឋយើង ដែលទើបជួបការលំបាក និងរងគ្រោះដោយសារគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ អោយគាត់បានត្រឡប់មកកាន់ជីវភាពរស់នៅប្រក្រតីដូចធម្មតាឡើងវិញ។
ក្នុងឱកាសនោះ សម្តេចក៏បានអញ្ជើញទៅពិនិត្យមើល និងសួរសុខទុក្ខប្រជាពលរដ្ឋទាំង៣គ្រួសារដែលរងគ្រោះដោយសារការបាក់ដី-ផ្ទះ ចូលក្នុងទឹកស្ទឹង នៅភូមិពោធិ៍រលំ៕