ទណ្ឌិតចំនួន៦៩៥នាក់ ត្រូវបានស្នើសុំបន្ធូរ បន្ថយ និងលើកលែងទោស នាឱកាសបុណ្យអុំទូក
ដោយ៖ម៉ាដេប៉ូ
ភ្នំពេញ៖នាឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ក្រសួងយុតិ្តធម៌បាន បើកកិច្ចប្រជុំពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោស ហើយជាលទ្ធផលទណ្ឌិតសរុប ៦៩៥ នា ក់ (ស្រី ៦៥ នាក់)ត្រូវបានគណៈ កម្មការថ្នាក់ជាតិ បានសម្រេចស្នើសុំទៅ សម្តេចនាយករដ្ឋមន្ត្រីដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោស។
ឯកឧត្តម គឹមសន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២០នេះ បានឱ្យដឹងថាការស្នើសុំនេះក្រោយពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជី ឈ្មោះទណ្ឌិតស្នើសុំ បន្ធូរបន្ថយទោសនិងលើកលែងទោស បានដឹកនាំកិច្ចប្រជុំពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ ២០២០ដើម្បីស្នើសុំសម្តេចនាយករដ្ឋមន្រ្តី ក្រាបបង្គំទួលថ្វាយព្រះមហាក្សត្រផ្តល់ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតដែលកែប្រែខ្លួនបានល្អ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃ៣០-៣១ តុលា និង ថ្ងៃ០១ វិច្ឆិកា ២០២០នេះ។
ឯកឧត្តមបានបញ្ជាក់ដែរថាក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន តំណាងក្រសួងមហាផ្ទៃ (រួមទាំងតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ) តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី។
ជាមួយគ្នានេះឯកឧត្តម រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងដែរថាក្នុងចំណោម ទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនេះត្រូវបានគណៈកម្មការថ្នាក់ជាតិបានទទួល សំណុំឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន២៤ និងមណ្ឌលអប់រំកែប្រែទាំង០៤ ដែល ស្នើសុំ ផ្តល់ការអនុគ្រោះទោសដល់ ទណ្ឌិតសរុបចំនួន ១០៨៦ នា ក់ (ស្រី ៧៦ នាក់) រួមមាន៖ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន ០៩ នាក់ (ស្រី ០០នាក់), ស្នើសុំលើកលែងទោស ចំនួន ៣៥៤ នាក់ (ស្រី២២នាក់), ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ១៣៤ នាក់ (ស្រី០៩ នាក់), ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ១៣៨ នាក់ (ស្រី ០៧នាក់),ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៥១ នាក់ (ស្រី ៣៨ នាក់) ។
ឯកឧត្តមបានបន្តឱ្យដឹងថាចំពោះលទ្ធភាព នៃកិច្ចប្រជុំរបស់ គណៈ កម្មការថ្នាក់ជាតិ បានសម្រេចគោរពស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រីដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥ នា ក់ (ស្រី ៦៥ នាក់) រួមមាន៖ ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំចំនួន០៥នាក់ (ស្រី ០០នាក់),ស្នើសុំលើកលែងទោស ចំនួន ១៩នាក់ (ស្រី ០៦នាក់), ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ៩២នាក់ (ស្រី ១០ នាក់),ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៩៥នាក់ (ស្រី ០៨នាក់),ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៨៤ នាក់ (ស្រី ៤១ នាក់) ៕