ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់​កម្ពុជានៅពេល​ដែលកម្ពុជាកំពុងត្រូវការជំនួយ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់ថា ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជានៅពេលដែលកម្ពុជាត្រូវការជំនួយជាចាំបាច់បន្ទាប់ពីភ្លើងសង្គ្រាម នៃរបបខ្មែរក្រហមរលត់។ ទ័ពមួកខៀវ ហុង គ្រី បានបញ្ជូនមកកម្ពុជាក្រោមឆត្រ័របស់   អជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ នៅកម្ពុជា(UNTAC)។ ជំហររបស់ហុងគ្រីលើការ ដកប្រព័ន្ធអនុគ្រោះពន្ធEBA គឺជាឧទាហរណ៍មួយទៀតដែលសបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជាហើយក្លាហាន ក្នុងការគាំទ្រកម្ពុជា ឱ្យទទួលបានយុត្តិធម៌ដើម្បីឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នេះ ឯកឧត្តម ប្រាក់ សុខុន អរគុណ ដល់ រដ្ឋមន្ត្រីការបរទេស និងប្រទេសហុងគ្រី»។

ឯកឧត្តម ប្រាក់ សុខុន បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរ មានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងមិត្តភាព ដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការ ដែលបន្តរីកចម្រើនដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ។ យើងខ្ញុំបានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះហត្ថលេខា ក៏ដូចជាយន្តការនានាដែលបានឯកភាពគ្នាកន្លងមកដែលក្នុងនោះរួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា-ហុងគ្រី និងឯកសារមួយចំនួនទៀតដើម្បីជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យគ្រប់គ្រងទឹកកសិកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មទេសចរណ៍និងអប់រំ។ កម្ពុជា-ហុងគ្រី តែងឈរលើគោលការណ៍ច្បាប់អន្តរជាតិដែលមានចែងក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និង ជំហរក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយមដោយគោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ»។ «ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ភីធ័រហ្សីយាតូនា បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ឯកឧត្តមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ កម្ពុជាក៏មានការប្តេជ្ញាចិត្តដូចគ្នានេះដែរ»។

ប្រមុខការទូតកម្ពុជាថា «ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅទីក្រុងប៊ុលដាប៉េសចំនួន២លើក និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម JanosAder ប្រធានាធិបតីហុងគ្រី មកកាន់រាជធានីភ្នំពេញកាលពីឆ្នាំមុន ការបើកការិយាល័យតំណាងស្ថានទូតហុងគ្រីនៅភ្នំពេញ និងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន៣លើវិស័យគ្រប់គ្រងទឹកកសិកម្មនិងសេវាកម្មអាកាសដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនេះគឺជាសក្ខីភាពដែលបានកើតចេញពីការប្តេជ្ញាចិត្តរួមគ្នាខាងលើ»។

ក្នុងសន្និសីទកាសែត ឯកឧត្តម ប្រាក់ សុខុន លើកឡើងថាភាគីទាំងពីរកំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី នៅប្រទេសហុងគ្រី នាឆមាសទី២ នៃឆ្នាំ២០២១ ឬនៅឆមាសទី១ នៃឆ្នាំ២០២២ ដែលព្រះរាជដំណើរនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត កម្ពុជា-ហុងគ្រី នៅឆ្នាំក្រោយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner