អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងទទួលគ្រឿងឥស្សរិយយសពីប្រទេសជប៉ុន

ភ្នំពេញ៖ យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់រដូវឆ្នាំ២០២០ ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់បុគ្គលទាំងនេះក្នុងកិច្ចការសាធារណៈ ឬ ជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់បុគ្គលទាំងនេះក្នុងវិស័យផ្សេងៗទៀតនៅក្នុងសង្គម។

ស្ថានទូតបានឲ្យដឹងថា បណ្ឌិតសភាចារ្យ ស៊ន សំណាង ជាអតីតប្រធាន និងជាសាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ដែលជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់លោក ក្នុងកិច្ចការជំរុញនៃការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងនឹងស្ថានទូតជប៉ុន បណ្ឌិតសភាចារ្យ ស៊ន សំណាង បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្រ្តីការទូតរបស់ស្ថានទូតជប៉ុនដែលជាអ្នកជំនាញភាសាខ្មែរ តាមរយៈការផ្តល់ឲ្យស្នាក់នៅជាមួយក្រុមគ្រួសាររបស់លោក និងឱកាសផ្សេងទៀត ដើម្បីឱ្យមន្រ្តីទាំងនោះមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមកម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយស ស្ថានទូតមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់នៅឡើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner