ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនបញ្ជាឲ្យស្រាវជ្រាវបង្ក្រាបករណីបេីកល្បែងស៊ីសងតាមអនឡាញ Kenoonline
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ប្រាប់ព័ត៌មានយើងថាបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ អំពីករណីក្រុមហ៊ុនស៊ីននីវទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មឆ្នោតឡូតូហេីយបំប្លែងជាល្បែងស៊ីសងតាមអនឡាញ Kenoonlineរួចមកឯកឧត្តមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យនាយកដ្ឋានជំនាញចុះស្រាវជ្រាវដេីម្បីមានចាត់វិធានការ តាមច្បាប់ដោយមិនលេីកលែងឡេីយ។
ឯកឧត្តមឧត្ដមសេនីយ៍ឯក សៀង សេង ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មបានឲ្យដឹងដែរថា ឯកឧត្តមបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិរួចហេីយនៅរសៀលថ្ងៃនេះ ដេីម្បីដឹកនាំកម្លាំងស្រាវជ្រាវករណីក្រុមហ៊ុនស៊ីននីវដែលប្រជាពលរដ្ឋរាយការណ៍ថាបាននឹងកំពុងបេីកល្បែងស៊ីសងតាមអនឡាញ KenoOnline ជ្រកក្រោមស្លាកឆ្នោតឡូតូ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបានបន្ថែមថាបេីក្នុងករណីសមត្ថកិច្ច របស់លោកស្រាវជ្រាវរកឃើញការពិតដូចប្រជាពលរដ្ឋរាយការណ៍ ឯកឧត្ដមឧត្ដមសេនីយ៍ឯកនឹងចាត់ការតាមច្បាប់តែម្ដង។
គួរបញ្ជាក់ថាករណីក្រុមហ៊ុនស៊ីននីវដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យធ្វេីអាជីវកម្មឆ្នោតឡូតូត្រូវបានប្រជាពលរដ្ឋរាយការណ៍ថាក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៊ីសង តាមអនឡាញបង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់។ ជាពិសេសក្រុមហ៊ុនបានដាក់តាម ទូរទស្សន៍ តាមហាងនានាជាសាធារណៈថែមទៀតផង។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុនស៊ីននីវមួយរូបបានឲ្យដឹងថាក្រុមហ៊ុនរបស់លោកពិតជាទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យធ្វេីអាជីវកម្មឆ្នោតឡូតូមែនតែមិនបានបេីកល្បែងស៊ីសងតាមអនឡាញនោះទេ។
ទោះជាយ៉ាងណាក្ដីមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូបបានង្ហេីបឲ្យដឹងថាអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនស៊ីននីវបានហួសសុពលភាពហេីយហេីយក្រុមហ៊ុននេះ នៅតែលួចលាក់ធ្វើអាជីវកម្មដោយមិនរាយការណ៍ជូនក្រសួងនោះទេ។ ពាក់ព័ន្ធនឹងការបំពានរបស់ក្រុមហ៊ុននេះក្រសួងកំពុងចាត់ការតាមនីតិវិធីផងដែរ ដោយពិន័យក្រុមហ៊ុនតាមច្បាប់កំណត់។ចំពោះព័ត៌មានដែលថាក្រុមហ៊ុននេះបានបំប្លែងឆ្នោតឡូតូទៅជាល្បែងស៊ីសងតាមអនឡាញ បង្វក់ប្រជាពលរដ្ឋទូទាំងប្រទេសនោះបេីសមត្ថកិច្ចស្រាវជាវរកឃើញក្រុមហ៊ុននេះអាចប្រឈមមុខ ចំពោះផ្លូវច្បាប់ផង និងអាចដកអាជ្ញាប័ណ្ណវិញផងដែរ។
យេីងខ្ញុំសូមគាំទ្រចំណាត់ការរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដែលបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ចាត់ការតាមច្បាប់ចំពោះករណីនេះ៕