ឯកឧត្តម ជា ចាន់តូ ជួបជាមួយទូតសង្ហបូរី

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Michael Tan Keng Soing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេលដែលឯកឧត្តមនឹងបញ្ចប់ការទូត នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ឆ្នាំ
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តុការទ្វេភាគី និងបានបង្កលក្ខណៈអំណោយផល ដល់ពាណិជ្ជកម្ម និងការ
វិនិយោគ នៃប្រទេសទាំងពីរ។ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សិង្ហបុរី បានបង្កើនការវិនិយោគគួរឱ្យ
កត់សម្គាល់ ក្នុងនោះ ភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ីនិង
ធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។ចំពោះទំនាក់ទំនង
ទ្វេភាគី រវាងធនាគារកណ្ដាលទាំងពីរ ធនាគារជាតិនៃកម្ពុជា មានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធររូបិយវត្ថុ
សិង្ហបុរី (MAS) តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការ
លើវិស័យនានា។ កាលពីឆ្នាំ២០១៩ កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះ
អនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ ដែលធ្វើឡើងក្នុងគោល
បំណងបង្កើតជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ ដើម្បីជំរុញនវានុវត្តន៍
ហិរញ្ញវត្ថុក្នុងទីផ្សារ របស់សមីប្រទេស។ តាមរយៈអនុស្សរណៈនេះ ធនាគារកណ្តាលទាំងពីរអាចចែករំលែក
ព័ត៌មានស្តីពីនិន្នាការនិងការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ក៏ដូចជាបទប្បញ្ញត្តិទាក់ទង
នឹងនវានុវត្តន៍នៅក្នុងសេវាកម្មហិរញ្ញវត្ថុ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ធនាគារជាតិ
នៃកម្ពុជា ដែលបានគាំទ្រការរៀបចំ Fintech Festival នៅប្រទេសសិង្ហបុរី និងបានអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់
របស់ធនាគារជាតិនៃកម្ពុជា ធ្វើជាវាគ្មិន តាមការអញ្ជើញរបស់សិង្ហបុរី ដើម្បីចែករំលែកបទពិសោធន៍របស់
កម្ពុជាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ម៉្យាងទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរនិងបង្ហាញ
នូវការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ដែលកន្លងមកទទួលបានជោគជ័យជាបន្តបន្ទាប់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោល
នយោបាយរូបិយវត្ថុនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទេសាភិបាល បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរី ពីស្ថានភាព
សេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ដែលបន្តមានប្រតិបត្តិការជាប្រក្រតី និងបានរួមចំណែកក្នុងការកាត់
បន្ថយផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមគាំទ្រសកម្ម
ភាពសេដ្ឋកិច្ចក្នុងស្រុក។  ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី ក៏ដូចជា
អាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍកសាងសមត្ថភាព
របស់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលផ្សេងៗ  ការចែករំលែកបទពិសោធក្នុងវិស័យធនាគារ ក៏ដូចជាបានសហការរួមចំណែកក្នុងការជំរុញនវានុវត្តន៍
ហិរញ្ញវត្ថុនៅកម្ពុជា។ឯកឧត្តម ទេសាភិបាល បានកោតសរសើរការរួមចំណែករបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាធនាគារកណ្ដាលទាំងពីរ ក្នុងរយៈពេលដែលឯកឧត្តមបានបំពេញបេសកកម្មនៅកម្ពុជា។ ឯកឧត្តម ទេសាភិបាល បានជូនពរឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូមានសុខភាពល្អនិងទទួលបានជោគជ័យ ក្នុងបេសកកម្មនាពេលខាងមុខទៀត។
(Limhuot Veng)

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner