ប្រធានលេខាធិការដ្ឋានគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះពិនិត្យមើលនិងវាយតម្លៃពីកំណាត់ផ្លូវលំជនបទនៅក្នុងខេត្តបាត់ដំបងដែលខូចខាតដោយទឹកជំនន់ និងត្រៀមចុះធ្វើការស្តារកែលម្អ ឲ្យប្រសើរឡើងវិញ

ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនិង ក្រុមការងារ ដឹកនាំដោយ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជា ប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃ ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួន ដោយបានចុះពិនិត្យមើលផ្ទាល់កាលពីថ្ងៃទី០៣-០៤ខែវិច្ឆិកាឆ្នាំ២០២០នេះ នូវបណ្តាញផ្លូវលំជនបទតាមបណ្តាស្រុកមួយចំនួនរបស់ខេត្ត រួមមាន៖ ស្រុកបវេល, ស្រុកភ្នំព្រឹក,ស្រុកកំរៀងនិងស្រុកសង្កែ ក្នុងចំណោមខ្សែផ្លូវចំនួន១៦ខ្សែ ដែលមានប្រវែងសរុបជាង១០០គ.ម ដែលខូចខាតដោយទឹកជំនន់ កន្លងមក និងជាអាទិភាព របស់មន្ទីរ និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការស្នើសុំទៅក្រសួង និងរាជរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើការជួសជុលកែលម្អស្តារកំណាត់ផ្លូវលំជនបទដែលកំពុងតែខូចខាតទាំងនេះ ឲ្យបានប្រសើរឡើងវិញ ដើម្បីជាប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការធ្វើដំណើរទៅសាលារៀនរបស់ក្មួយៗសិស្សានុសិស្សនៅទីនោះផងដែរ។

នេះបើតាមការគូសបញ្ជាក់ពីលោក វ៉ាន់ ថុល ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ក្នុងពេលចុះទៅពិនិត្យមើលផ្លូវលំមួយខ្សែ ប្រវែង១៤គម.ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមរយៈការចុះពិនិត្យមើលផ្លូវលំជនបទ ក្នុងភូមិសាស្ត្រឃុំអូរដំបង២ ស្រុកសង្កែ របស់ ខេត្តបាត់ដំបង និងពីការគូសបញ្ជាក់ឲ្យដឹងពីលោកមេឃុំអូរដំបង២។ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា៖ការចុះមកពិនិត្យមើលនិងវាយតម្លៃផលប៉ះពាល់អំពីការខូចខាតផ្លូវដល់ទីកន្លែងជាក់ស្តែង គឺដើម្បីឲ្យឆ្លើយតបពីតម្រូវការពិតប្រាកដក្នុងមូលដ្ឋានស្រុក-ខេត្តនីមួយៗរបស់ខ្លួន និងបន្ទាប់ពីមានការសម្រេចពីប្រមុខរាជនៃរដ្ឋាភិបាល ក្នុងការស្ដារនិងជួសជុលកែលម្អផ្លូវលំដែលបានរងនូវការខូចខាតដោយទឹកជំនន់កន្លងមកនេះ ក្រសួងនឹងខិតខំធ្វើការងារនេះឲ្យបានលឿនដើម្បីជួយសម្រួលឲ្យពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនកសិផល នៅរដូវច្រូតកាត់ខាងមុខនេះ បានស្រួលនិងចៀសវាងការបន្ទាបបង្អាប់តម្លៃ ពីសំណាក់ឈ្មួញកណ្ដាល ។

ដោយឡែក ក្នុងចំណោមខ្សែផ្លូវចំនួន០៤ខ្សែដែលបានចុះទៅពិនិត្យផ្ទាល់ពីក្រុមការងាររួមមានផ្លូវលំនៅក្នុងឃុំល្វា ស្រុកបវេល, ផ្លូវលំ ក្នុងឃុំបួរ ដែលតភ្ជាប់ជាមួយ ឃុំពេជចិន្តា ក្នុងស្រុកភ្នំព្រឹក និង ភូមិឡាក់៦២ ក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងគូសបញ្ជាក់ថា៖ ការស្តារផ្លូវលំមួយខ្សែដែលមានប្រវែងជាង១០គ.ម នេះគឺជាផ្លូវយុទ្ធសាស្ត្រអន្តរឃុំនិងភភ្ជាប់ទៅកាន់ឃុំចំនួន៣ និងស្រុកចំនួន២ ផងដែរ ក្នុងការជួយដោះស្រាយនូវជីវភាពរស់នៅនិងការលំបាករបស់ប្រជាពលរដ្ឋ និងនៅពេលរដូវប្រមូលផលនិងការ(ច្រូតកាត់)ខាងមុខ។ថែមទាំងជួយដល់ក្មួយៗជាសិស្សានុសិស្សងាយស្រួលធ្វើដំណើរទៅសាលារៀនផងដែរ។

ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសង្កត់ធ្ងន់ទៀតថាបន្ទាប់ពីមានការសម្រេចពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការជួសជុលជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner