ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារអនឡាញ រយៈពេល២ថ្ងៃនៅពាក់កណ្តាល ខែវិច្ឆិកាខាងមុខនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២០ ដោយរួមបញ្ចូលគ្នាតាមរយៈយន្តការសំខាន់ពីរគឺ៖ ការរើសបុគ្គលិកនិងរកការងារអនឡាញ ព្រមទាំងការរៀបចំតាំងបង្ហាញ ដោយក្រុមហ៊ុនធំៗផ្ទាល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដើម្បីឆ្លើយតបទៅនឹងវិធានការរក្សាគម្លាតសង្គម និងបង្ការសុវត្ថិភាពពីការរីករាលដាលនៃកូវីដ-១៩។

គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺការរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារពិសេសនិយោជកដែលកំពុងមានសំទុះ តម្រូវការកម្លាំងពលកម្មងើបឡើងវិញ ទោះបីរងការគំរាមកំហែងដោយកូវីដ-១៩ ក្តី។ NEA បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើវិធានការអនាម័យ និងសុខភាពស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

ពិព័រណ៍ការងារអនឡាន នឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្ម ក្នុងរក្សាតុល្យភាពការងារនៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន ដោយផ្តល់នូវជម្រើសងាយស្រួលពីរ៖ ទី១ និយោជក និងអ្នកស្វែងរកការងារ អាចដាក់ពាក្យតាមប្រព័ន្ធអនឡាន ដោយចូលទៅកាន់គេហទំព័រពិព័រណ៍ ការងាឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើវេបសាយនោះតែម្តង។ ទី២ សាធារណជន និងភាគីពាក់ព័ន្ធអាចមកទស្សនា និងជួបក្រុមហ៊ុនផ្ទាល់ និងដាក់ពាក្យស្វែងរកការងារនៅក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ២ ថ្ងៃ។

សម្រាប់សិស្ស/និស្សិត និងអ្នកដែលកំពុងស្វែងរកការងារធ្វើ សូមចូលរួមឲ្យបានច្រើនកុះករ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០នេះ និងកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) មកដាក់ពាក្យ សម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនធំៗ តាមអនឡាញ និងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថានិយោជក និង អ្នកស្វែងរកការងារ បន្តគាំទ្រ និងទទួលបានអត្ថប្រយោជន៍ពីពិព័រណ៍ការងារនេះ ស្របពេលយើងទាំងអស់គ្នា ត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញ ដំណើរការទីផ្សារការងារឲ្យប្រព្រឹត្តិទៅដោយ រលូន រក្សាសុខភាព អនាម័យ និងបង្ការកូវីដ-១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner