អ្នកចែកចាយឬលក់ផលិតផលម៉ាសនិងផលិតផលសម្លាប់មេរោគក្លែងបន្លំឬអន់គុណភាពនឹងប្រឈមផ្លូវច្បាប់
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាលបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នក ចែកចាយ ឬលក់ផលិតផលម៉ាស និងផលិតផលសម្លាប់មេរោគក្លែងបន្លំ ឬអន់គុណភាពដែលបង្កឱ្យប្រជាពលរដ្ឋអ្នកប្រើហើយគ្មានគុណភាពបង្កប៉ះពាល់ធ្ងន់ធ្ងរក្នុងអំឡុងកើតរោគជំងឺកូវីដ-១៩នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០នេះបានធ្វើការណែនាំដល់ម្ចាស់គ្រឹះស្ថានផលិតឱសថ, ផលិតបរិក្ខាពេទ្យ, ម្ចាស់ឱសថស្ថាន, ឱសថស្ថានរង ត្រូវចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគ ដែលមានគុណភាព និងសុវត្ថិភាពឲ្យមានតម្លៃថោកសមរម្យ ដែលប្រជាពលរដ្ឋអាចទិញប្រើប្រាស់ ការពាររីករាលដាលនៃជំងឺកូវីដ-១៩បានមានប្រសិទ្ធភាពនិងទុកចិត្តបាន។
ក្នុងលិខិតខាងលើនេះបានបញ្ជាក់ថា ក្រសួងតម្រូវឲ្យលោក លោកស្រី ត្រូវចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានលេខទិដ្ឋាការ ឬបញ្ជិការ ឬប្រវេទន៍ ពីក្រសួងសុខាភិបាល ក្នុងតម្លៃថោកសមរម្យ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញផលិតផលទាំងនេះយកមកប្រើប្រាស់បាន និងហាមឃាត់ដាច់ខាតការចែកចាយ ឬលក់ផលិតផលម៉ាស និងផលិតផលសម្លាប់មេរោគក្លែងបន្លំ ឬអន់គុណភាព។
ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា ក្នុងករណីម្ចាស់គ្រឹះស្ថាន និងឱសថការីទទួលបន្ទុកគ្រឹះស្ថានខាងលើ ឬបុគ្គលណាដែលមិនគោរពតាមការណែនាំនេះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ដោយធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រឹះស្ថាន និងវិធានការផ្សេងៗ ទៀតស្របតាមច្បាប់ជាធរមាន។
ក្រសួងសុខាភិបាល ក៏បានណែនាំដល់ប្រជាពលរដ្ឋផងដែរ មុននឹងសម្រេចចិត្តទិញម៉ាស និងផលិតផលសម្លាប់មេរោគ ត្រូវពិនិត្យមើលផលិតផលណា ដែលមានបិទលតាបត្រទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ដូចមានគំរូបភ្ជាប់មកជាមួយនៅទំព័រទី២ទើបជាផលិតផលដែលមានទទួលស្គាល់ពីក្រសួងសុខាភិបាល៕(សួមមើលសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល)