សញ្ញាទាំង 13 ដែលបង្ហាញថា កុមារអាចប្រឈមនឹងបញ្ហាផ្លូវចិត្ត

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ អាណាព្យាបាលទាំងអស់តែងតែការពារកូនៗរបស់ខ្លួនមិនឲ្យជួបប្រទះនឹងបញ្ហាតូចធំផ្សេងៗ មិនថាតែស្រមោច ឬមូសខាំ កើតកន្ទួលរមាស់ជាដើម។ ម៉្យាងទៀត ដោយសារខ្លាចមានបញ្ហាធំប៉ះពាល់ដល់កូន ឪពុកម្ដាយភាគច្រើនក៏រួសរាន់បញ្ជូនកូនទៅកាន់មន្ទីរពេទ្យថែមទៀតផង។

ជាធម្មតារបួសនៅខាងក្រៅអាចនឹងឆាប់ដឹង ឆាប់មើលឃើញ និងងាយព្យាបាលបានទាន់ពេលវេលា។ ប៉ុន្តែវាខុសគ្នានៅពេលដែលក្មេងៗចាប់ផ្ដើមមានអាការៈមិនប្រក្រតី មិនថានៅសាលា ជាមួយមិត្តភក្ដិ លោកគ្រូអ្នកគ្រូ ឬនៅផ្ទះជាមួយក្រុមគ្រួសារ។ អាការៈទាំងអស់នេះអាចធ្វើឲ្យអាណាព្យាបាលពិបាកយល់ ថាតើកូនៗរបស់ពួកគាត់មានបញ្ហាអ្វី ហើយតើពួកគាត់អាចធ្វើអ្វីបានដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។

ក្នុងចំណោមកុមារ 5នាក់ អាចនឹងមានម្នាក់ដែលមានជំងឺផ្លូវចិត្ត ឬអាកប្បកិរិយាមិនប្រក្រតី។
រោគសញ្ញាខាងក្រោមទាំងអស់នេះ អាចបង្ហាញពីបញ្ហាដែលត្រូវការដំណោះស្រាយជាពិសេស ក្រោមការយកចិត្តទុកដាក់បំផុត ៖

1.កូនជួបភាពលំបាកច្រើននៅសាលា។
2.កូនចាប់ផ្ដើមចេះវាយ ឬធ្វើបាបក្មេងៗដទៃទៀត។
3.កូនប៉ុនប៉ងធ្វើបាបខ្លួនឯង។
4.កូនចាប់ផ្ដើមគេចចេញពីរង្វង់មិត្តភក្តិ និងក្រុមគ្រួសារ។
5.ក្នុងរយៈពេលថ្មីៗនេះ អារម្មណ៍គាត់ផ្លាស់ប្ដូរចុះឡើងខុសពីធម្មតា។
6.អារម្មណ៍គាត់រំជើបរំជួលខ្លាំង ដូចជា ភ័យខ្លាំង សប្បាយ អររំភើបខ្លាំង ជាដើម។
7.កូនខ្សោយកម្លាំងកាយ និងកម្លាំងចិត្ត។
8.កូនពិបាកផ្ចង់អារម្មណ៍ធ្វើអ្វីមួយ។
9.គាត់គេងមិនលក់ ឬក៏គេងយល់សប្ដិមិនល្អ។
10.គាត់ចាប់ផ្ដើមមានការត្អូញត្អែរជាច្រើន។
11.កូនចាប់ផ្ដើមលែងខ្វល់ លែងស្រលាញ់ខ្លួនឯង។
12.កូនឈ្លក់វង្វេងនឹងទម្ងន់ និងរូបរាងខ្លួនឯង។
13.គាត់ចាប់ផ្ដើមបរិភោគច្រើន ឬតិចជាងធម្មតា។

តាមរយៈការកត់សម្គាល់ពីបញ្ហាទាំងអស់នេះ អាណាព្យាបាលទាំងអស់អាចសង្កេតពីការប្រែប្រួលនៃអាកប្បកិរិយារបស់កូន និងអាចចាប់ផ្ដើមរកវិធីដើម្បីព្យាបាលពួកគាត់បាន ដោយមានការជួបជាមួយនឹងចិត្តវិទូកុមារ ក៏ដូចជាអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យនេះ។

ក្នុងនាមជាអាណាព្យាបាល អ្នកត្រូវឧស្សាហ៍តាមដាន និងយកចិត្តទុកដាក់លើការប្រែប្រួលរបស់កូន។ មើលថែខ្លួនឯង និងនៅតែរឹងមាំដើម្បីពួកគាត់ ហើយអាចបង្កើតទំនាក់ទំនងជាមួយគ្រួសារផ្សេងទៀតដែលជួបប្រទះបញ្ហាដូចគ្នា ដែលអាចជួយអ្នកឲ្យមានអារម្មណ៍ថា អ្នកមិនមែនមានតែម្នាក់ឯងទេ ដែលជួបបញ្ហាទាំងនេះ។

ដកស្រង់ចេញពីសៀវភៅ Parenting Through the Storm: Find Help, Home, and Strength When Your Child Has Psychological Problems. និពន្ធដោយ Ann Douglas
ប្រភព៖ Psychology Today
AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner