បន្ទាប់ពីរៀបចំសិក្ខាសាលាថ្នាក់ជាតិខែក្រោយ CAMSOC នឹងបើកយុទ្ធនាការអប់រំសង្គមទូទាំងប្រទេសឆ្ពោះទៅ SEA Games 2023
(ភ្នំពេញ)៖ បន្ទាប់ពីចប់សិក្ខាសាលាថ្នាក់ជាតិអប់រំសង្គម ដែលគ្រោងរៀបចំឡើងនា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងបើកយុទ្ធនាការអប់រំសង្គមទូទាំងប្រទេស ។


នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ហើយក៏មានការចូលរួមពីតំណាងក្រសួងបរិស្ថាន អគ្គស្នងការនគរបាលជាតិ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីពាក់ព័ន្ធមួយចំនួន នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា «កិច្ចប្រជុំនេះ គឺដើម្បីប្រើប្រាស់នូវយន្ដការនានា ពាក់ព័ន្ធនឹងយុទ្ធនាការផ្សេងៗ ដែលយើងត្រូវធ្វើអំឡុងពេលបើកយុទ្ធនាការទូទាំងប្រទេសជាផ្លូវការ ក្នុងយុទ្ធនាការអប់រំសង្គម ដែលមានពាក់ព័ន្ធទៅនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការការយល់ដឹងពីបរិស្ថានសង្គម ដូចជាបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម»។

សូមជម្រាប់ថា បើតាមការគ្រោងទុកសិក្ខាសាលាខាងលើ មានអ្នកចូលរួមប្រមាណ ៣០០នាក់ ដែលមានសម៉ាសភាពពាក់ព័ន្ធដូចជា អាជ្ញាធរ ឬអភិបាលរាជធានី-ខេត្តទាំង ២៥ សហព័ន្ធកីឡាជាតិ អង្គរការកីឡាជាតិ និងអន្ដរជាតិ ពិសេសមន្ទីរជំនាញ ដូចជាមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរទេសចរណ៍ជាដើម៕