មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា
យោងតាមនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសសួងមហាផ្ទៃនៅថ្ងៃទី៨ធ្នូឆ្នាំ២០២០នេះ បានផ្សាយថា នៅពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសសង្កេតឃើញមានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា “Bist du es im Video?” ជាភាសាខ្មែរមានន័យថា “តើបុគ្គលក្នុងវីដេអូនេះ ពិតជាអ្នកមែនទេ?”។
មេរោគនោះ ត្រូវបានចែករំលែកតាមរយៈសារ Messennger នៃគណនីមួយទៅកាន់គណនីផ្សេងមួយទៀត និងស្ទើពាសពេញគណនីបណ្តាញសង្គម Facebook ក្នុងស្រទាប់យុវវ័យកម្ពុជា។ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសសួងមហាផ្ទៃ បានបរិយាយពីចេតនា និងសកម្មភាព មេរោគ “Bist du es im Video?” គឺ ដំបូងឡើយសង្កេតឃើញការផ្ញើសារភ្ជាប់ជាមួយតំណភ្ជាប់វីដេអូ ពីគណនីអនាមិក ដែលបង្ហាញខ្លឹមសារថា “តើបុគ្គលក្នុងវីដេអូនេះ ពិតជាអ្នកមែនទេ?” និងករណីមួយចំនួនជាមិត្តភក្រ ឬបុគ្គលដែលម្ចាស់គណនីស្គាល់។ តំណភ្ជាប់ Link នោះមើលទៅហាក់ដូចជារូបភាព ឬវីដេអូ YouTube ដូច្នេះដែរ។
នៅពេលដែលអ្នកធ្វើការចុចលើរូបភាព ឬវីដេអូ ក្នុងកម្មវិធីសារ Messennger តំណភ្ជាប់នោះនឹងនាំអ្នកទៅកាន់គេហទំព័រមេរោគ ដែលមានសមត្ថភាពលួចយកលេខសម្ងាត់គណនីបណ្តាញសង្គមរបស់អ្នក ដោយវិធីសាស្ត្របន្លំលួច (Phishing) ឬចម្លងមេរោគ (Malware)។ បន្ទាប់ពីលួចគណនីជនរងគ្រោះ មេរោគនេះនឹងធ្វើការទាញយករូបភាពជនគ្រោះ ដាក់បញ្ចូលក្នុងរូបភាព ឬវីដេអូ អាសអាភាស ឬវីដេអូផ្សេងៗ ដោយប្រើប្រាស់បច្ចេកវិទ្យា DeepFake ហើយធ្វើការចែករំលែកបន្តទៅកាន់មិត្តភក្រដែលមានក្នុងគណនី ដោយស្វ័យប្រវត្តិ ។
សកម្មភាពបន្លំលួចគណនីដូចរៀបរាប់ខាងលើ នឹងបន្តពីគណនីមួយ ទៅគណនីមួយយ៉ាងលឿន។ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹកដល់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម ត្រូវប្រុងប្រយ័ត្ន ដោយពុំត្រូវធ្វើការចុចលើតំណភ្ជាប់ដែលពុំមានប្រភពច្បាស់លាស់ និងត្រូវជៀសវាងការផ្តល់លេខសម្ងាត់គណនីឲ្យទៅនរណាម្នាក់ (ត្រូវអង្កេតមើលអាសយដ្ឋានគេហទំព័រ មុនវាយបញ្ចូលលេខសម្ងាត់)៕កឹម ទៀង
