វ៉ាក់សាំងរុស្សីមានប្រសិទ្ធភាពទាមទារឱ្យអ្នកប្រើប្រាស់ហាមផឹកស្រាយ៉ាងហោចណាស់ 2 ខែ
បរទេស ៖យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះមានការលើកឡើងគួរឲ្យចាប់អារម្មណ៍មួយពីសំណាក់មន្ត្រីផ្លូវការរបស់ក្រសួងសុខាភិបាលនៃប្រទេសរុស្សីថាពលរដ្ឋរបស់រុស្សីទាំងឡាយណាដែលនឹងត្រូវទទួលបានការចាក់វ៉ាកសាំង Sputnik V នោះចាំបាច់ត្រូវតែផ្អាកការទទួលជាតិសុរាយ៉ាងហោចណាស់ 2 សប្តាហ៍មុនការចាក់វ៉ាក់សាំងនិង៦សប្តាហ៍ទៀតក្រោយទទួលបានការចាក់វ៉ាក់សាំងរួចរាល់។
ថ្លែងនៅក្នុងកម្មវិធីប៉ុស្ត៍វិទ្យុមួយរបស់ជាតិលោកស្រី Anna Popova ប្រធានផ្នែកអ្នកឃ្លាំមើលសុខមាលភាពរបស់អ្នកប្រើប្រាស់បានប្រាប់ថាពលរដ្ឋរុស្សីមិនគួរប្រើប្រាស់ជាតិស្រវឹងនោះទេមុនការចាក់វ៉ាក់សាំង Sputnik V ដូសដំបូងក្នុងរយៈពេលយ៉ាងហោចណាស់ 2 សប្តាហ៍និងបន្តផ្អាកទទួលទានគ្រឿងស្រវឹងយ៉ាងហោចណាស់ 6 សប្តាហ៍ទៀតនៅក្រោយបញ្ចប់ការចាក់វ៉ាក់សាំងដូសចុងក្រោយខណៈដែលដូសទាំងពីរត្រូវការរយៈពេល 21 ថ្ងៃគម្លាតពីគ្នាក្នុងការចាក់។
ទោះបីជាយ៉ាងណាក្តីជាការឆ្លើយតបទៅលើបញ្ហានេះអ្នកជំនាញវ៉ាក់សាំងទាំងរុស្សី និងអាមេរិកបាននិយាយថាការលើកឡើងរបស់លោកស្រី Popova ដូចជាមានភាពហួសហេតុបន្តិចហើយ។ ក្នុងនោះលោក Alexander Gintsburg សមាជិកនៃក្រុមអភិវឌ្ឍវ់ាក់សាំងរបស់រុស្សីដែលបានសរសេរនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា ៖ ត្រឹមតែស្រាសាំប៉ាញមួយកែវដូចជាមិនអាចធ្វើឲ្យមនុស្សម្នាក់ឈឺនោះទេ។
លោកបន្តទៀតថាជាធម្មតាក្នុងការចាក់វ៉ាក់សាំងមិនថាប្រភេទណាឡើយឬសូម្បីតែវ៉ាក់សាំង Sputnik V អ្នកប្រើប្រាស់ចាំបាច់គួរតែផ្អាកជាតិស្រវឹងឲ្យបានត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះហើយដោយឡែកអ្នកជំនាញម្នាក់របស់អាមេរិកវិញគឺលោក William Moss ប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលចែកចាយវ៉ាក់សាំងអន្តរជាតិនៃសកលវិទ្យា Johns Hopkins វិញបានឆ្លើយតបថាលោកមិនឃើញមានទិន្នន័យ ឬឯកសារយោងណាដែលទាមទារបែបនេះនោះទេ៕