ក្រុមហ៊ុនឱសថ Pfizer និង Moderna រំពឹងថា នឹងរកចំណូលបាន៣២ពាន់លានដុល្លារពីការលក់វ៉ាក់សាំងនៅឆ្នាំ២០២១
បរទេស៖ ក្រុមហ៊ុនផលិតឱសថធំៗចំនួន០៣ ត្រូវបានគេប៉ាន់ប្រមាណថា នឹងរកចំណូលបានសរុបប្រមាណ៣២ពាន់លានដុល្លារពីការផលិតវ៉ាក់សាំង Covid-19 របស់ពួកគេនៅឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មាន អាណាឌូលូ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
ក្រុមហ៊ុនវិនិយោគទុនចម្រុះ និងសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក ម័រហ្គេន ស្ទែនលី បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្សឺ ត្រូវបានគេរំពឹងថា នឹងទទួលបានប្រាក់ចំណូលចំនួន១៩ពាន់លានដុល្លារពីវ៉ាក់សាំងនេះនៅឆ្នាំ២០២១ ។ ប៉ុន្តែក្រុមហ៊ុន ភីហ្វីហ្សឺ នឹងបែងចែកប្រាក់ចំណូលរបស់ខ្លួនពីការលក់វ៉ាក់សាំងជាមួយដៃគូអាល្លឺម៉ង់ បាយអូអិនធិច ។
ដោយឡែកក្រុមហ៊ុនឱសថអាមេរិកមួយទៀត គឺ ម៉ូឌែណា ដែលបង្កើត និងផលិតវ៉ាក់សាំងផ្ទាល់ខ្លួនត្រូវបានគេរំពឹងថា នឹងរកចំណូលបាន១៣.២ពាន់លានដុល្លារពីការលក់វ៉ាក់សាំងនៅឆ្នាំ២០២១ ។ បើតាមការប៉ាន់ស្មាននោះ ក្រុមហ៊ុននេះអាចនឹងរកចំណូលបានពី១០ទៅ១៥ពាន់លានដុល្លារពីវ៉ាក់សាំង Covid-19 ក្នុងឆ្នាំ ២០២១ និង ២០២២ ៕