EU រឹតបន្តឹងច្បាប់ឌីជីថលចំនួន 2 ដើម្បីអាចគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
បរទេស ៖ សេចក្តីព្រាងច្បាប់ថ្មីចំនួន 2 របស់សហភាពអ៊ឺរ៉ុប ឬ EU ដែលទើបតែបានប្រកាសនោះត្រូវបានគេមើលឃើញថាបានទាមទារឲ្យមានការត្រួតពិនិត្យជាប្រចាំឆ្នាំមួយទៅលើក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គមយក្សជាច្រើនទៅលើវិធីដែលពួកគេគ្រប់គ្រងព័ត៌មានក្លែងក្លាយ និងហានិភ័យដោយរបៀបណា។
ការរឹតបន្តឹងចុងក្រោយនេះត្រូវបានគេដឹងដែរថាគឺស្ថិតនៅក្នុងផែនការមួយរបស់រដ្ឋាភិបាលទាំងអស់នៅក្នុងបណ្តាប្រទេសតំបន់អ៊ឺរ៉ុបដើម្បីអាចប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការគ្រប់គ្រងទៅលើទិន្នន័យអតិថិជនដែលមាននៅក្នុងដៃរបស់ក្រុមហ៊ុនទាំងនោះធ្វើយ៉ាងណាដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នាពីសំណាក់ក្រុមហ៊ុនទាំងឡាយផ្សេងទៀតដែលបានប្រើប្រាស់សេវាកម្មរបស់ពួកគេ។
ការកំណត់ថ្មីនេះគឺស្ថិតនៅក្នុងផ្នែកមួយនៃការពង្រឹងច្បាប់ដែលពាក់ព័ន្ធទៅនឹងច្បាប់គ្រប់គ្រងទីផ្សារឌីជីថលដែលត្រូវបានធ្វើសេចក្តីព្រាងរួចទៅហើយ ហើយក្រៅតែពីការដាក់ពិន័យធ្ងន់ធ្ងរ រដ្ឋាភិបាលរបស់អ៊ឺរ៉ុបក៏អាចមានសិទ្ធិក្នុងការបញ្ចប់ដំណើរការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះផងដែរក្នុងករណីណាមួយដែលគេបានរកឃើញថាបានប្រព្រឹត្តកំហុស។
សេចក្តីព្រាងច្បាប់ថ្មីបានកំណត់យ៉ាងច្បាស់ថា ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាធំណាមួយដែលបានប្រព្រឹត្តខុសទៅនឹងគោលការណ៍ដែលមានចែងនោះពួកគេនឹងត្រូវទទួលរ៉ាប់រងប្រាក់ពិន័យរហូតទៅដល់ 10 ភាគរយនៃផលរបរពួកគេនៅក្នុងតំបន់អ៊ឺរ៉ុបទាំងមូល។
គួរឲ្យដឹងដែរថាសេចក្តីព្រាងច្បាប់ថ្មីចំនួន 2 មានដូចជា Digital Sevices Act និង Digital Markets Act ត្រូវបានកែប្រែឡើងដោយមានគោលដៅរឹតបន្តឹងទៅលើអាជីវកម្មរបស់ក្រុមហ៊ុនយក្សធំៗលើសកលលោកដូចជា Amazon, Google និង Facebook ជាដើមបើទោះបីជាមិនទាន់ត្រូវបានអនុម័តឲ្យចូលជាធរមានក្តី ប៉ុន្តែវានឹងត្រូវចាប់អនុវត្តពីពេលដែលព្រឹត្តិការណ៍ Brexit ឬអង់គ្លេសចាកចេញពីប្លុកអឺរ៉ុប និងបញ្ចប់ទៅចុងឆ្នាំនេះ៕