អភិបាលខណ្ឌចំការមន ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយ និងពិភាក្សាអំពីការដាក់ប្រព័ន្ធលូថ្មី នៅផ្លូវលេខ៤៩០ ភូមិ២ សង្កាត់ផ្សារដេីមថ្កូវ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ៤៩០ ភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាអំពីការដាក់ប្រព័ន្ធលូថ្មី នៅផ្លូវខាងលេី ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, ការិយាល័យពាក់ព័ន្ធ រដ្ឋបាលសង្កាត់ផ្សារដេីមថ្កូវ និងបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
លោក ថេង សុថុល បញ្ជាក់ថា ការដាក់ប្រព័ន្ធលូថ្មីខាងលេីនេះ រដ្ឋបាលខណ្ឌ និងសង្កាត់ គឺពុំបានចាត់ក្រុមការងារអោយរៃអង្គៀសថវិការបស់បងប្អូនប្រជាពលរដ្ឋមកធ្វេីនោះទេ ប៉ុន្តែគម្រោងការដាក់ប្រព័ន្ធលូថ្មីខាងលេីនេះ ការចំណាយជាថវិការបស់គម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ និងសង្កាត់ឆ្នាំ២០២០ ។
លោកអភិបាលខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចង់បំពេញឯកសារលិខិតរដ្ឋបាលអ្វីមួយ ត្រូវអញ្ជើញមករកសង្កាត់ ឬខណ្ឌ ដើម្បីទទួលសេវាកម្មដោយផ្ទាល់ គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋក្នុងភូមិ និងសង្កាត់មានភាពស្និទ្ឋស្នាលរវាងអាជ្ញាធរក្នុងមូលដ្ឋានផងដែរ នឹងការទំនាក់ទំនងដោយផ្ទាល់ ដើម្បីមានទំនាក់ទំនងល្អរវាងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋថែមទាំងកាត់បន្ថយការយកសេវាបន្ថែមក្រោមតុពីអ្នករត់ការ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌចំការមន បានសូមឱ្យបងប្អូនត្រូវរក្សាអនាម័យ ពាក់ម៉ាស និងបាញ់អាល់កុល ដេីម្បូចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕ ដោយ វណ្ណលុក