ការងារស្ម័គ្រចិត្តបង្កើតឱកាសល្អៗ ដែលសិស្ស-និស្សិតមិនគួរមើលរំលង

អត្ថបទដោយ៖
AMS

(ភ្នំពេញ)៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កត់សម្គាល់ឃើញថា សិស្ស-និស្សិតចាប់ផ្ដើមឱ្យតម្លៃ និង
មើលឃើញពីគុណប្រយោជន៍ផ្សេងៗ ដែលទទួលបានតាមរយៈការងារស្ម័គ្រចិត្ត។ ទោះបីការងារនេះ មិន
បានផ្ដល់ប្រាក់កម្រៃតបស្នងមកវិញច្រើនក៏ពិតមែន ប៉ុន្តែវាបានបង្កើតឱកាសការងារល្អៗ និងអភិវឌ្ឍន៍
សមត្ថភាពរបស់យុវជនបានកាន់តែប្រសើរ។ ការងារស្ម័គ្រចិត្តមានច្រើនប្រភេទ ក្នុងន័យផ្តល់ប្រយោជន៍
ដល់នរណាម្នាក់ ប្រយោជន៍សម្រាប់សហគមន៍ ឬស្ថាប័នណាមួយ ដោយពុំទទួលបានហិរញ្ញវត្ថុឧបត្ថម្ភ
តបស្នងមកវិញឡើយ។

ហេតុអ្វីបានជាយុវជន សិស្ស-និស្សិតនាំគ្នាធ្វើការងារស្ម័គ្រចិត្ត? ឆ្លើយតបទៅនឹងសំណួរនេះ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យទួលទំពួង សរ សុខបញ្ញា ធ្លាប់ចូលរួមស្ម័គ្រចិត្តការងារបរិស្ថាន បានឱ្យដឹងថា ទោះបីការងារស្ម័គ្រ
ចិត្តគ្មានប្រាក់ចំណូលក៏ពិតមែន ប៉ុន្តែចំណូលពិតប្រាកសម្រាប់សុខបញ្ញា គឺទទួលបានបទពិសោធន៍ការងារ និងបានចូលរួមចំណែកជួយដល់សង្គម។

យុវជន សរ សុខបញ្ញា ក្នុងពេលចូលរួមការស្ម័ក្រចិត្តនៅកម្មវិធី Project_Library

សរ សុខបញ្ញា ៖ “ខ្ញុំធ្លាប់ចូលរួមបោសសម្អាតទីធ្លាសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាមួយបងស្រីខ្ញុំ តាំងពីពេល
ដែលខ្ញុំរៀនថ្នាក់ទីបួន។ ពេលនោះខ្ញុំអត់ទាន់ដឹងថា ការងារស្ម័គ្រចិត្តនេះជាអីទេ… ប៉ុន្តែខ្ញុំរីករាយ ហើយបានជួប
ជាមួយបងៗដែលខ្ញុំអត់ដែលស្គាល់ពីមុនមក។ ក្រោយមកពេលដែលខ្ញុំរៀនថ្នាក់ទី8 ខ្ញុំមានឱកាសចាប់ផ្ដើម
ការងារស្ម័គ្រចិត្តម្ដងទៀត ពេលហ្នឹងទើបខ្ញុំដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ ដែលទទួលបានពីការងារនេះ”។

យុវជន សរ សុខបញ្ញា ក្នុងពេលចូលរួមការស្ម័ក្រចិត្តនៅកម្មវិធី_STEM.jpg

និយាយលាយដោយស្នាមញញឹម សុខបញ្ញា បានបន្តទៀតថា ការងារស្ម័គ្រចិត្តជួបការលំបាកច្រើន ដោយសារ
ម្តាយឪពុកបារម្ភពីពេលវេលាសិក្សា ប៉ុន្តែដំណោះស្រាយល្អបំផុតពេលនោះ សុខបញ្ញាត្រូវប្រឹងប្រែងរៀនសូត្រ និងបែងចែកពេលវេលាត្រឹមត្រូវ។

“ឪពុកម្ដាយជាអ្នកទំនុកបម្រុង ពេលដែលគាត់ឃើញកូនធ្វើការងារអត់មានកម្រៃអីចឹង គាត់អត់សប្បាយចិត្ត ហើយថ្ងៃខ្លះគាត់ក៏ស្ដីឱ្យដែរ… តែខ្ញុំព្យាយាមនិយាយជាមួយគាត់។ ពេលធ្វើយូរៗ មានគេស្គាល់ខ្ញុំច្រើន ខ្ញុំចេះ
និយាយស្ដី មានទំនាក់ទំនងជាមួយគេឯង ក៏គាត់បើកផ្លូវឱ្យខ្ញុំដើររហូតមកដល់ពេលនេះ…” សុខបញ្ញា បញ្ជាក់
បន្ថែម។

“ការងារស្ម័គ្រចិត្តជួយសង្គម បានសម្រាលសម្ពាធផ្លូវចិត្តខ្ញុំ និងធ្វើឱ្យខ្ញុំស្គាល់ច្បាស់ពីខ្លួនឯង”  ឃ្លានេះកញ្ញា ឃួន សុវណ្ណវត្តី បានបង្ហើបឱ្យដឹងពីបទពិសោធន៍ការងាររបស់ខ្លួន មុននឹងរៀបរាប់ពីបេសកកម្មជីវិតបួនឆ្នាំក្នុង
នាមជាអ្នកធ្វើការងារស្ម័គ្រចិត្តជួយសង្គម។

កញ្ញា ឃួន សុវណ្ណវត្តី គ្រូបង្វឹកបច្ចេកទេសស្ម័គ្រចិត្ត នៃកម្មវិធី Technovation បង្រៀនក្មេងស្រីឱ្យចេះសរសេរកូដកម្មវិធី

កញ្ញា ឃួន សុវណ្ណវត្តី​ បច្ចុប្បន្ន​ជា​មន្ត្រីទំនាក់ទំនងនៃអង្គកា DanMission ប្រចាំកម្ពុជា បានឱ្យ AMS ដឹងថាលទ្ធ
ផលទទួលបានពីការងារស្ម័គ្រចិត្តបានជំរុញឱ្យកញ្ញាចាប់យកឱកាសការងារមួយដែលខ្លួនស្រឡាញ់ពិតប្រាកដ។ សុវណ្ណវត្តី បានបន្ថែមថា ការងារស្ម័គ្រចិត្ត កន្លងទៅបានផ្តល់ឱកាសអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ជំនាញ និងបង្រៀនឱ្យស្គាល់បរិយាយកាសការងារខាងក្រៅបានទូលំទូលាយ។

សុវណ្ណវត្តី ៖ “ការងារស្ម័គ្រចិត្តដែលខ្ញុំធ្វើកន្លងទៅ វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ខ្ញុំមានសមត្ថភាពចែករំលែក
អ្វីដែលមាន (ចំណេះដឹង) ទៅកាន់សហគមន៍ដែលខ្វះខាត ហើយមានតែការងារនេះទេ ដែលបានជួយឱ្យខ្ញុំ
ស្គាល់ច្បាស់ពីខ្លួនឯង រកអ្វីដែលខ្លួនឯងស្រឡាញ់ឃើញ។ ការងារណាគិតតែប្រាក់ចំណេញពេកធ្វើឱ្យខ្ញុំមាន
សម្ពាធផ្លូវចិត្ត…។

ឆ្នាំ 2018 សុវណ្ណវត្តី បានក្លាយជាគ្រូបង្វឹកបច្ចេកទេសស្ម័គ្រចិត្ត នៃកម្មវិធី Technovation បង្រៀនក្មេងស្រីឱ្យ
ចេះសរសេរកូដកម្មវិធី និងលើកទឹកចិត្តក្មេងស្រីក្នុងផ្នែកបច្ចេកវិទ្យា។ ក្រោយមកបានបន្តធ្វើការងារស្ម័គ្រចិត្តនៅ
អង្គការអ្នកស្ម័គ្រចិត្តបម្រើនៅបរទេស (VSO) មានរយៈពេលពីរឆ្នាំ មុននឹងធ្វើការងារជាមន្ត្រីទំនាក់ទំនងនៅអង្គ
ការក្រៅរដ្ឋាភិបាល។

ការងារស្ម័គ្រចិត្តបានជួយកិច្ចការសង្គម (Volunteer) រីឯការងារហាត់ការ (Internship)ក៏យុវជនកំពុងសិក្សា
នៅសាកលវិទ្យាល័យមិនគួរមើលរំលងដែរ។ ការងារទាំងពីរនេះ សុទ្ធតែមានគុណសម្បត្តិដូចគ្នាសម្រាប់
យុវជន។ យុវជនអាចរៀនបណ្តើរ ធ្វើការងារហាត់ការបណ្តើរជាមួយស្ថាប័នការងារណាមួយក្នុងពេលកំពុង
សិក្សា ដើម្បីទទួលបានបទពិសោធន៍ សម្រួចជំនាញ និងបង្កើនទម្ងន់នៃទំនុកចិត្តលើប្រវត្តិរូបសង្ខេប។

ជុំវិញគុណប្រយោជន៍នៃការងារស្ម័គ្រចិត្តនេះ អ្នកស្រី ម៉ី សម្ភស្ស នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធយុវជនដើម្បី
ឯកភាពនិងអភិវឌ្ឍន៍ (YCUD) កំពុងធ្វើការជាមួយយុវជនស្ម័គ្រចិត្តជាច្រើនទាំងក្នុងនិងក្រៅប្រទេស មាន
ប្រសាសន៍ថា ការងារស្ម័គ្រចិត្តជួយផ្តល់បទពិសោធដល់យុវជន ជាពិសេសអ្នកដែលមិនធ្លាប់ធ្វើការងារពីមុនមក
ឱ្យយល់ដឹងពីរបៀបធ្វើការ។

អ្នកស្រីបានបន្តថា៖ “ជាធម្មតាទេ បើយុវជនធ្វើការងារដែលទទួលបានប្រាក់កម្រៃ នោះពួកគាត់ត្រូវសិ្ថតក្រោម
ការពិនិត្យលទ្ធភាពការងារ ថាអាចធ្វើបានឬយ៉ាងណា? ព្រោះស្ថាប័នការងារត្រូវការអ្នកដែលមានសមត្ថភាព និងមានស្នាដៃ។ ប៉ុន្ដែការងារស្ម័គ្រចិត្ត ជួយឱ្យយុវជនចាប់ផ្ដើមរៀនធ្វើការងារតាមជំហាន ដោយរៀនសូត្រផង និងអនុវត្តផងតាមរយៈការបង្ហាត់បង្ហាញពីមេក្រុម ឬសាកល្បងដាក់ការងារឱ្យធ្វើ និងវាស់វែងកម្រិតការងារជា
ដើម”។ 

នាយិកាប្រតិបត្តិនៃ YCUD បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នស្ថាប័នការងារភាគច្រើនទាមទារឱ្យបេក្ខជនមាន
បទពិសោធន៍។ ប្រសិនបើសិស្សនិស្សិតធ្វើការងារស្ម័គ្រចិត្តបានមួយឆ្នាំ ឬពីរឆ្នាំ នោះជាបទពិសោធន៍ការងារ
ដែលពួកគេទទួលបាន។ បទពិសោធន៍ការងារទាំងនេះ ដាក់ក្នុងប្រវត្តិរូបសង្ខេប នឹងបង្ហាញពីភាពលេចធ្លោ
របស់បេក្ខជន។ ធ្វើការងារស្ម័គ្រចិត្ត ផ្តល់ឱកាសឱ្យយុវជនជួបនឹងមនុស្សជាច្រើន អាចបង្កើតបណ្ដាញទំនាក់
ទំនងជាមួយមិត្តភក្ដិ និងមានអាទិភាពទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាពផ្សេងៗលឿនបំផុត។

អ្នកស្រី ម៉ី សម្ភស្ស ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលយុវជនកំពុងជួបប្រទះ ៖ “យុវជន មិន
សូវចង់ចូលរួមការងារស្ម័គ្រចិត្ត ដោយសារពួកគាត់មើលឃើញប្រយោជន៍លុយជាធំ។ ការងារស្ម័គ្រចិត្ត មិន
មានផ្ដល់ប្រាក់ឧបត្ថម្ភអ្វីឡើយ។ ដូច្នេះគាត់ក៏សុខចិត្តចំណាយពេលទៅលក់អីវ៉ាន់តាមអនឡាញ ឬធ្វើការទាក់
ទងនឹងអចលនទ្រព្យដែលគាត់ទទួលបានប្រាក់ចំណូលប្រចាំខែ… ខ្លះដោយសារតែស្ថានភាពគ្រួសារគាត់ខ្វះ
ខាត ក៏សុខចិត្តធ្វើការក្រៅម៉ោងរកលុយ ដើម្បីទប់ទល់នឹងការចាយវាយប្រចាំថ្ងៃវិញ”។

តាមយោបល់អ្នកជំនាញខាងលើ គន្លឹះជោគជ័យក្នុងការងារស្ម័គ្រចិត្ត គឺសិស្ស-និស្សិតខ្លួនឯងត្រូវមានផែនការធ្វើ
ការងារច្បាស់លាស់ ចេះកំណត់រយៈពេលធ្វើការស្ម័គ្រចិត្ត ព្រមទាំងសួរខ្លួនឯងថា តើចង់បានឱ្យប្រាកដពីការងារ
ដែលកំពុងធ្វើ? ប្រសិនបើយុវជនមិនមានផែនការច្បាស់លាស់ទេ នោះនឹងចំណាយពេលវេលាឥតប្រយោជន៍
លើការងារស្ម័គ្រចិត្ត និងមិនដឹងថាខ្លួនអាចធ្វើការងារអ្វីច្បាស់ឡើយសម្រាប់អនាគត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner