ហ្វីលីពីនប្រកាសរកឃើញអ្នកផ្ទុកវីរុស Covid-19 ទម្រង់ថ្មីជាលើកដំបូង ដែលមានប្រភពនៅអង់គ្លេស
ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលហ្វីលីពីនបានរកឃើញជាលើកដំបូងនូវអ្នកផ្ទុកវីរុសកូវីដ១៩ទម្រង់ថ្មី ដូចគ្នាទៅនឹងវីរុសនៅចក្រភពអង់គ្លេស ដែលឆ្លងរាតត្បាតយ៉ាងលឿន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។
ក្រសួងសុខាភិបាលហ្វីលីពីន DOH និងមជ្ឈមណ្ឌលហ្សែនហ្វីលីពីន PGC បាននិយាយថា វីរុសកូរ៉ូណាទម្រង់ថ្មីដែលហៅថា VUI-202012/01 ឬ lineage B117 ត្រូវបានរកឃើញនៅក្នុងខ្លួនភ្នាក់ងារអចលនទ្រព្យម្នាក់នៅទីក្រុង កេហ្សុន ស៊ីធី។បុរសនេះធ្លាប់បានទៅអារ៉ាប់រួមអេមីរ៉ាត់ ចាប់ពីថ្ងៃ២៧ ខែធ្នូដល់ទី៧ ខែមករា ។ជននេះត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅមួយថ្ងៃក្រោយវិលត្រឡប់ពីទីក្រុងឌូបៃ មកដល់ទីក្រុងម៉ានីល ។
ឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋាភិបាលហ្វីលីពីនហាមឃាត់អ្នកដំណើរដែលមានប្រវត្តិធ្វើដំណើរនាពេលថ្មីៗទៅកាន់ចក្រភពអង់គ្លេស និង៣២ប្រទេស និងតំបន់ផ្សេងទៀត ដើម្បីការពារកុំអោយមានការឆ្លងរាលដាលថ្មីៗនៅក្នុងប្រទេស ខណៈអ្នកជំនាញការសុខភាពព្រមានថា វីរុសកូវីដ១៩ទម្រង់ថ្មីនេះអាចនាំអោយចំនួនឆ្លងនៅហ្វីលីពីនកើនឡើង១៥ដង ៕

