ក្រុមចោរប្លន់ប្រដាប់អាវុធ និងជួញដូរថ្នាំញៀន៦នាក់ រួមនឹងកាំភ្លើង២ដើម ត្រូវកម្លាំងព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ក្រាបបាន
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំរិធ្ងន់ ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា មានការបង្ក្រាប ក្រុមចោរប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀន៦នាក់ ដោយដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បង្រ្កាបមុខសញ្ញាសង្ស័យ ភ្ជង់ប្លន់កាបូប លុយ និងជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធខ្លី២ដេីម បង្ករឡើង កាលពីថ្ងៃទី១៤ ឧសភា វេលាម៉ោង១៦ និង៣០នៅចំណុចមុខផ្ទះលេខ392 ផ្លូវលេខ367 ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានបន្តដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបលោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងមូលដ្ឋាន ដែលពាក់ពន្ធ មានខណ្ឌឬស្សីកែវ និងខណ្ឌកំបូល រហូតតាមបង្ក្រាបបានជាបន្តបន្ទាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់រួមមាន៖ ទី១ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ ៤៦ឆ្នាំ ទី២ឈ្មោះ ហុក ណារិន ភេទប្រុសអាយុ ២៩ឆ្នាំ ទី៣ឈ្មោះ ហ៊ាន ប្រិមប្រិយ ភេទប្រុស អាយុ ១៨ឆ្នាំ ទី៤ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ ៦៣ឆ្នាំ ទី៥ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ ទី៦ឈ្មោះ តឹក សាអ៊ុ ភេទប្រុស អាយុ ៥២ឆ្នាំ។ ក្នុងនោះផងដែរ កម្លាំងបានដកហូតសម្ភារៈរួមមាន អាវុធខ្លីម៉ាកK59 ចំនួន២ដើម ម៉ូតូចំនួន 03គ្រឿង (កង់បីឥណ្ឌា 01គ្រឿង និង សេ12502គ្រឿង) ទូរសព្ទ័ 05គ្រឿង ម្ស៉ៅក្រាមពណ៍ស ចំនួន ០៥កញ្ចប់ធំ ។
ក្រោយពីសាកសួររួចរាល់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាងខាងលើ ឲ្យទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ ប៊ុនធី និង ភារ៉ា