មន្រ្តីអាវុធហត្ថស័ក្ត៣ស្រវឹងធ្លាក់ភ្នែក បើករថយន្តLexus បុករថយន្តចតស្ងៀមពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថាខ្លួនជាមន្រ្តីសមត្ថកិច្ច បានបើករថយន្ត Lexus មិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញដែលចតចោលលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងលេខ៣៨សេ ភូមិទ្រ្ទា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដែលរងការខូចខាតនោះម៉ាក Lexus ៣៣០ ពណ៌ស ស្លាកលេខ ភ្នំពេញ2AW-0575 នៅក្នុងរថយន្តមានឯកសណ្ឋានកងរាជអាវុធហត្ថស័ក្ត៣ ដែលមានឈ្មោះ វ៉ាន់ សុភី។ ចំណែកឯរថយន្តដឹកទំនិញមានម៉ាក HYUANDAI ពណ៌ស ស្លាកលេខ3D-5552 ចតចោលនៅលើចិញ្ចើមផ្លូវ។
តាមការរៀបរាប់ពីបុរសដែលជាអ្នកបើករថយន្ត Lexus RX330 ខាងលើបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានរថយន្តក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនល្មមដែល ពេលមកដល់ចំណុចកើតហេតុដោយសារតែផ្លូវមានសភាពងងឹតផង នឹងរាងធ្លាក់ភ្នែកផងមើលមិនទាន់ក៏ជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយពីក្រោយពេញទំហឹងតែម្តង បណ្ដាលឱ្យរថយន្តបង្កខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ចំណេកឯរថយន្តដឹកទំនិញនោះរងការខូចខាតផ្នែកខាងក្រោយបន្តិចបន្តួចតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមាន១ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ នឹងបានធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តដឹកទំនិញព្រមជួយថ្លៃខូចខាតទៅឲ្យរថយន្ត Lexus ចំនួន៣៥០ដុល្លា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ៖ ជីម ភារ៉ា