ការស្ទង់មតិបង្ហាញថា ប្រជាជនប្រេស៊ីល៦០% គាំទ្រឲ្យមានវិធាការរឹតត្បិតខ្លាំងជាងមុន ដើម្បីទប់ទល់ COVID-19 ខណៈអ្នកស្លាប់កើនជាង២៥ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលភាគច្រើនគាំទ្រឲ្យមានការរឹតបន្តឹងវិធានការដូចជា ការរក្សាគម្លាតពីគ្នាក្នុងសង្គមខ្លាំងជាងមុន ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺ COVID-19 ខណៈប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោក នេះបើតាមលទ្ធផលពីការស្ទង់មតិរបស់ក្រុមហ៊ុន ឌែលតាហ្វូលហា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។

ការស្ទង់មតិរបស់កាសែតមួយក្នុងទីក្រុង សៅ ប៉ូឡូ នេះរកឃើញថា ពលរដ្ឋប្រេស៊ីល៦០ភាគរយគាំទ្រវិធានការតឹងរឹងជាងមុន ដោយ៣៧ភាគរយប្រឆាំង ហើយ៣ភាគរយមិនមានជំហរច្បាស់លាស់ ។ ការស្ទង់មតិខាងលើនេះបង្ហាញថា សាធារណៈមតិផ្ទុយនឹងទស្សនៈរបស់ប្រធានា ធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណែរ៉ូ ដែលតែងបានវាយប្រហារលើវិធានការដាក់កំហិតឲ្យពលរដ្ឋនៅផ្ទះ និងបិទសកម្មភាពសេដ្ឋកិច្ច ដែលលោកថា វិធានការទាំងនេះប្រៀបបានដូចថ្នាំពុល ដែលសម្លាប់ពលរដ្ឋ តាមរយៈភាពអត់ការងារធ្វើនិងភាពអត់ឃ្លានច្រើនជាងចំនួនពលរដ្ឋដែលមេរោគសម្លាប់ទៀត ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសអាម៉េរិកឡាទីនមួយនេះ មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤១ម៉ឺន៤ពាន់៦៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៦៩៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៦ពាន់៦៤៧នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner