អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩៩លាននាក់ ក្នុងនោះស្លាប់ជាង២លាន១៣ម៉ឺននាក់ និងជាសះស្បើយជាង៧១លាន៧៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៩លាន៧៧ម៉ឺន៤ពាន់៣៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១៣ម៉ឺន៩ពាន់៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧១លាន៧៤ម៉ឺន៦ពាន់៧៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៥លាន៧០ម៉ឺន២ពាន់១២៥នាក់ ស្លាប់ចំនួន៤២ម៉ឺន៩ពាន់៤៩០នាក់ និងជាសះស្បើយចំនួន១៥លាន៤០ម៉ឺន៩ពាន់៦៣៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៦៦ម៉ឺន៨ពាន់៦៧៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៣ពាន់៥០៨នាក់ និងជាសះស្បើយ១០លាន៣៣ម៉ឺន៨៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៨៤ម៉ឺន៤ពាន់៦០០នាក់ ស្លាប់២១ម៉ឺន៧ពាន់៨១នាក់ និងជាសះស្បើយ៧លាន៦៥ម៉ឺន៣ពាន់៧៧០នាក់ ៕