រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញចុះមក ពិនិត្យ​កសិដ្ឋានចិញ្ចឹមត្រី របស់ប្រធាន សមាគម វារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក

អត្ថបទដោយ៖
ជា សេឌី

ក្នុងដំណើរបំពេញបេសកកម្មរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដើម្បីអញ្ជើញចូលរួមវេទិការជាតិអេកូទេសចរណ៍លើកទី២ វាយតម្លៃលើវឌ្ឍនភាពវិស័យវារីវប្បកម្ម កសិ-ឧស្សាហកម្ម (ចេកអំបូងលឿង)  និងសាកវប្បកម្ម។ នៅខេត្តកំពង់ធំ ព្រឹក ថ្ងៃទី២៦ ខែមករា ឯកឧត្តមរដ្ឋមន្រ្តី រួមដំណើរដោយឯកឧត្តម សុខ លូ គណៈអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក។

លោកប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១។ បច្ចុប្បន្នមានចិញ្ចឹមត្រីឆ្ពិន ត្រីប្រា និងត្រីក្រាញ់។ ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីក្រសួង រដ្ឋបាលជលផល មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បច្ចុប្បន្នកសិដ្ឋានបានពង្រីកសក្តានុពលចិញ្ចឹមដល់ទៅ ៤២ស្រះ មានធំ មានតូច ក្នុងនោះផលចាប់អាចទទួលបានជាមធ្យមចំនួន ២០០តោន/ឆ្នាំ សម្រាប់ផ្គត់ផ្គងឲ្យទីផ្សារក្នុងតំបន់ ខេត្ត និងរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះ ការបង្កើតកសិដ្ឋានចិញ្ចឹមត្រីនៅតំបន់នេះ ដែលសកម្មភាពនេះសមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ   ដែលបានចង្អុល ណែនាំ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រី និងកង្កែបជាលក្ខណគ្រួសារ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺ ឆ្លងកូវីដ-១៩។

ឯកឧត្តម បានណែនាំឲ្យម្ចាស់កសិដ្ឋាន ខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត រួមទាំងបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំ ចូលត្រីពីប្រទេសជិតខាងដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ ។ ឯកឧត្តម បានលើកទឹកចិត្តម្ចាស់កសិដ្ឋានថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគការចិញ្ចឹមត្រីក្នុងកសិដ្ឋាន និងបង្កើតកន្លែងភ្ញាស់ពូជត្រី ក្នុងខេត្តកំពង់ធំសម្រេចទទួលបានជោគជ័យ។

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីអមដំណើរដោយ  មន្ត្រីជំនាញក្រសួង បានបន្តដំណើរមកវាយតម្លៃ​លើវឌ្ឍន​ភាពនៃការអភិវឌ្ឍសហគមន៍ព្រៃឈើព្រៃហ៊ុ ដែលមានទីតាំងនៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។

លោកប្រធានសហគមន៍ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា បច្ចុប្បន្នសហគមន៍មានផ្ទៃដីទំហំ ៤០៨ហ.ត សមាជិកសរុបចំនួន ៥១៧ គ្រួសារ (ពីរភូមិគឺ ភូមិដំរីស្លាប់ ២១៧គ្រួសារ និងភូមិសង្គម ៣០០គ្រួសារ)។ សហគមន៍បានទទួលប្រយោជន៍ពីផល និងអនុផលព្រៃឈើសំខាន់ៗមានដូចជា៖ ផ្លែគុយ ផ្សិត ដំឡូង វល្លិ៍ និងរំពាក់ជាដើម។

ឯកឧត្តមវេង សាខុន បានណែនាំឱ្យមន្ទីរកសិកម្មខេត្ត  ជាពិសេសរដ្ឋបាលព្រៃឈើជួយកៀរគរគម្រោងថ្មីៗ​ដោយជ្រើសរើសសហគមន៍ព្រៃឈើទូទាំងប្រទេសធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀង តាមរយ:ការចិញ្ចឹមសត្វ ត្រី សាកវប្បកម្ម និងដំណាំរួមផ្សំ  ដើម្បីបន្តការអភិវឌ្ឍសហគមន៍ឲ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ និងបង្កើនប្រភពចំណូល កែលម្អជីវភាពតាមរយ: បង្កើតរបរបន្ថែម ដូចជាចិញ្ចិមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ៕  ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner