កម្ពុជា នឹងមានវ៉ាក់សាំងកូវីដ១៩ ចំនួន ២០លានដូស, ១១លានដូសជាជំនួយ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច វង្ស៉ី វិស្សុត ថ្លែងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូសជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ។

សន្និសីទព័ត៌មានស្តីពីបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក វង្ស៉ី វិស្សុត អះអាងថា ប្រភពវ៉ាក់សាំងដំណាក់កាលដំបូង តាមយន្តការកូវ៉ាក់ ៧លានដូស, ១លានដូសជាជំនួយរបស់ចិន ដែលដឹកមកដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី។

៩លានដូសទៀត លោក វង្ស៉ី វិស្សុត អាចទទួលបានតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ថវិកាយកទៅទិញ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្នើជំនួយវ៉ាក់សាំងពីរុស្ស៉ី និងថវិកាសប្បុរសជនដែលមានជាង ៥៧លានដុល្លារ។

លោក វង្ស៉ី វិស្សុត អះអាងថា ប្រទេសកម្ពុជា ជាប្រទេសតូច តែយន្តការចាក់វ៉ាក់សាំង អាចនឹងមានល្បឿនលឿន។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ គូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ជាយុទ្ធសាស្ត្រមួយសម្រាប់ជួយរុញសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញ ដោយផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគ និងអ្នកជំនួញ។

ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ប្រមាណជា ៣០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងត្រូវមកដល់ប្រទេសកម្ពុជានៅក្នុងខែកុម្ភៈខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសទៅទទួលវ៉ាក់សាំង ដល់ព្រលានយន្តហោះ នឹងចាក់វ៉ាក់សាំងមុនគេ ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner