ប្រតិភូគណៈកម្មការទី២ នៃរដ្ឋសភា អញ្ជើញ ទស្សនាកិច្ចទំនប់វារីអគ្គីសនីសេសានក្រោមពីរ
ខេត្តស្ទឹងត្រែង៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនៈកម្ម នៃរដ្ឋសភា អញ្ជើញទៅធ្វើទស្សនៈកិច្ចនៅស្ថានីយ៍ទំនប់វារីអគ្គីសនីសេសានក្រោម២ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍បញ្ជាក់ថា៖ ទំនប់វារីអគ្គីសនីសេសាន ក្រោម២នេះ បានដំណើរការសាងសង់ស្ថាបនា នៅក្នុងឆ្នាំ២០១៣ និងបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
គម្រាងវារីអគ្គីសនីសេសានក្រោម២នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាត្តិឲ្យក្រុមហ៊ុន Hydro Power Se San 2 Co.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែលមានក្រុមហ៊ុនបោះទុន ចំនួន៣ ក្នុងនោះរួមមាន៖ ១/ក្រុមហ៊ុន 0Hydrolancang International Energy នៃប្រទេសចិន ៥១ភាគរយ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២/ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិតម៉េង ៣៩ភាគរយ និង៣/ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មាន១០ភាគរយ ។
បន្ទាប់ពីទស្សនៈកិច្ច នៅស្ថានីយ៍ទំនប់វារីអគ្គីសនីសេសានក្រោម២ រួមមក ប្រតិភូគណៈកម្មការទី២ នៃ រដ្ឋសភា បានបន្តដំណើរពិនិត្យមើលសមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងក្រុងស្ទឹងត្រែងផងដែរ ៕
ដោយ៖ដេង ម៉ាវិន





