ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងបើកសន្និបាតបូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០២០របស់ខ្លួន នៅដើមខែកុម្ភៈ​ខាងមុខ នៅភោជនីដ្ឋានទន្លេបាសាក់២

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា  និងអធិការកិច្ច​ នឹងរៀបចំសន្និបាតបូកសរុបលទ្ធ​ផល​ការងារ​ប្រចាំឆ្នាំ២០២០ និង​​​​ទិសដៅការងារឆ្នាំ២០២១ នាថ្ងៃអង្គារ៍ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។

សន្និបាតនេះ ប្រារព្វធ្វើឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ( ទ រ ព អ ) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋ​លេ​ខា​ធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រី នៃក្រសួង ទ រ ព អ ផងដែរ។

សន្និបាតនេះ មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងបានស្រេចក្នុងឆ្នំា២០២០​កន្លងមក និងដាក់ចេញនូវវិធានការ ទិសដៅថ្មីៗ សម្រាប់អនុវត្តបន្តឆ្នំា២០២១ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបំរើប្រជាជន លើវិស័យការងារទំនាក់ទំនង សម្របសម្រួលជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារអធិការកិច្ច ការទទួល និងដោះស្រាយ   បណ្តឹងនានា សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាឧត្តមប្រយោជន៍ របស់សង្គមជាតិទំាងមូល។

សន្និបាតរយៈពេល១ថ្ងៃនេះ នឹងទទួលបាននូវការពិភាក្សា ស្វែងរកធាតុចូលបន្ថែមលើប្រធានបទចំនួន៤ រួមមាន ៖

១-ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់

២-ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ

៣-ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង

៤-ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច

លទ្ធផលសកម្មភាពការងារក្នុងឆ្នំា២០២០ គឺពិតជាបានឆ្លុះបញ្ចំាងពីការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តផែនកា​រយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាការបន្តអនុវត្តន៍ទៅមុខទៀត ក្នុងនោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានប្តេជ្ញាចិត្ត ចូលរួមចំណែកបន្តអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយមានកំណត់នូវអាទិភាព សូចនាករ និងក្របខ័ណ្ឌ​​ពេលវេលាច្បាស់លាស់ សម្រាប់អនុវត្ត និងយន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ផ្អែកលើលទ្ធផលការងារ ព្រមទំាង​​​​មានកំណត់ការទទួលខុសត្រូវ របស់ក្រសួង-ស្ថាប័ន ទៅតាមមុំ ឬវិស័យនីមួយៗ ឲ្យទទួលបានជោគជ័យទៅតាមផែនការ ។

សមិទ្ធផលឆ្នំា២០២០កន្លងទៅ គឺជាលទ្ធផលដែលបានកើតចេញពីការចូលរួម របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកិច្ចសហការពីបណ្តាស្ថាប័នពាក់ព័ន្ធនានា ដែលសុទ្ធតែជាតួអង្គសំខាន់ៗ មិនអាចខ្វះបាន។ វឌ្ឍនៈភាព និងការងារគ្រប់ផ្នែករបស់ក្រសួង ពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នួល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមធម៌ និង ប្រសិទ្ធភាព ក្រោមការងារដឹកនំាប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner