ថៃបិទរោងចក្រសហគ្រាសជាង 700 បាត់បង់ការងារកម្មករប្រមាណ 30,000 នាក់
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ទី4 ខែកុម្ភៈនេះ នាយកដ្ឋានទទួលបន្ទុកកិច្ចការងារសហគ្រាសរបស់ប្រទេសថៃបានធ្វើការបង្ហាញតួលេខជាផ្លូវការមួយដែលបង្ហាញថារោងចក្រសហគ្រាសនៅទូទាំងប្រទេសកាលពីឆ្នាំ2020 ចំនួន 719 កន្លែងត្រូវបានបិទអាជីវកម្មរបស់ខ្លួនដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចអំឡុងពេលកូវីដ ហើយក្នុងនោះកម្មករចំនួន 30,000 នាក់ដែលបាត់បង់ការងារ។
ប្រធាននាយកដ្ឋានលោក Prakob Vivitjinda បាននិយាយថា ទោះបីជាយ៉ាងណាក្តីបញ្ច្រាសទៅនឹងតួលេខនេះរោងចក្រប្រមាណជា3,324 កន្លែងថ្មីត្រូវបានបង្កើតឡើងដែលអាចផ្តល់ការងារឲ្យកម្មកររហូតទៅដល់ 187,088 នាក់វិញផងដែរ ដែលគិតជាទឹកប្រាក់វិនិយោគសរុបប្រមាណជា 325 ពាន់លានបាតធៀបទៅនឹងប្រាក់ប្រតិបត្តិការដោយរោងចក្រទាំង 719 កន្លែងដែលបានបិទមានត្រឹមតែ 41.7 ពាន់លានបាតប៉ុណ្ណោះ។
នៅក្នុងតួលេខដដែលក៏បានបង្ហាញដែរថា រោងចក្រប្រភេទផលិតចំណីអាហារត្រូវបានគេមើលឃើញថាជារោងចក្រដែលត្រូវបានបង្កើតថ្មី ឬពង្រីកថ្មីមានចំនួនច្រើនបំផុតសម្រាប់ឆ្នាំ2020 កន្លងទៅផងដែរ។ នាយកដ្ឋានដដែលបានបញ្ជាក់ដែរថារោងចក្រដែលបិទកាលពីឆ្នាំ 2020 មានចំនួនតិចជាងចំនួនរោងចក្រដែលបិទកាលពីឆ្នាំ2019 ផងជាក់ស្តែងប្រមាណទៅដល់ 1,391 កន្លែង។
លោក Prakob បានថ្លែងទៀតថាចំនួននៃការកើនឡើងរោងចក្របានឆ្លុះបញ្ចាំងអំពីទំហំនៃការទុកចិត្តពីសំណាក់ក្រុមវិនិយោគិននៅក្នុងប្រទេសតាមរយៈគម្រោងវិនិយោគថ្មីដែលភាគច្រើនសុទ្ធតែជាវិនិយោគក្នុងស្រុក ពីព្រោះថាភាគីខាងបរទេសគឺមិនទាន់ត្រឡប់ចូលមកប្រទេសថៃវិញនៅឡើយក្នុងតំណាក់កាលនេះ។