រដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ

អត្ថបទដោយ៖
ធី ដា

លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៦កុម្ភៈឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលឡីស័កនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ កុំឲ្យសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បន្តថា ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ពលករដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុក ឲ្យអស់លទ្ធភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនោះ ព្រោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗដល់ពលករ ដែលបានបាត់បង់ការងារធ្វើផងដែរ។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះអ្នកមានដីស្រែចម្ការ គួរបង្កបង្កើនផលតាមលទ្ធភាពរបស់ខ្លួន កុំចេញចូលឆ្លងដែនទៅប្រទេសថៃ ព្រោះប្រទេសថៃ កំពុងមានឆ្លងខ្លាំងនៅក្នុងសហគមន៍ តាមខេត្តមួយចំនួន នៃជំងឺកូវីដ-១៩ ហើយសម្រាប់អ្នកចង់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ បើគ្រាន់ចង់លេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នៅកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធានការឲ្យបានតឹងរឹង នូវពួកមេខ្យល់ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេសពីការធ្វើចត្តាឡីស័ក ដោយលោក បានអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅសល់តិចតួចនិងកំពុងគ្រប់គ្រងបាន ។

ចាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ មក មានពលករខ្មែរឆ្លងដែនតាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង៧ពាន់នាក់ ក្នុងនោះបានបញ្ចប់ការធ្វើចត្តាឡីស័កជិត៤ពាន់នាក់ និងកំពុងធ្វើចត្តាឡីស័កជាង ៣ពាន់នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner