អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យដោះស្រាយទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ
បន្ទាប់ពីមានភាពចំរួងចំរាស់ ករណីកសិករដណ្ដើមទឹក ដើម្បីបូបចូលស្រែសង្គ្រោះស្រូវប្រាំងរាងៗខ្លួន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម លោក ឃូ ពៅ អភិបាលស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងកំពុងលូតលាស់មានដើមដងល្អ ខ្លះត្រៀមច្រូតកាត់ និងមួយចំនួនតូចប្រឈមខ្វះទឹក. ដើម្បីដោះស្រាយបន្តជូនបងប្អូនប្រជាកសិករ ធ្វើស្រូវប្រាំង ប្រមាណជិត ១០០០ ហិកតា នៅក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ នាថ្ងៃទី២៥ កុម្ភះ ឆ្នាំ២០២១នេះ ។
ឯកឧត្តម អ៊ុ រាត្រី បានរកដំណោះស្រាយបន្ទាន់ គឺត្រូវបន្ថែមម៉ាស៊ីនបូមទឹករបស់មន្ទីរធនធានទឹក ១គ្រឿងពន្លឿនការបូមពីប្រឡាយមេ និងបើកទ្វារទឹកស្ពានទី២ បង្ហូរទឹក២បន្ថែមទៀត ពីអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃនឹងមកបន្ថែមទៀត ដើម្បីសង្គ្រោះឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុ រាត្រី សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ សហគម បងប្អូនទាំងអស់បន្តកិច្ចសហការ សាមគ្គីគ្នា ចេះចែករំលែក ដើម្បីឲ្យបានទទួលផលប្រយោជន៍ស្មើៗគ្នា៕ដោយ៖ឃិន គន្ធា