វេណេស៊ុយអេឡាប្រកាសបណ្តេញអគ្គរដ្ឋទូតអឺរ៉ុបចេញពីប្រទេស ដែលនេះជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មលើមន្រ្តីខ្លួន១៩រូបនាពេលថ្មីៗ
វេណេស៊ុយអេឡា៖ វេណេស៊ុយអេឡា នៅថ្ងៃពុធនេះ បានបណ្ដេញអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំទីក្រុង ការ៉ាកាស់ ចេញពីប្រទេសខ្លួន ដោយទុករយៈពេល៧២ម៉ោង ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡាចំនួន១៩រូបនាពេលថ្មីៗនេះ ។
រដ្ឋមន្ត្រីការបរទេសវេណស៊ុយអេឡា លោក ហ្សក អារៀហ្សា បានប្រកាសពីការបណ្ដេញអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រី អ៊ីហ្សាប៊ែល ប្រ៊ីលហាន់ ផេដ្រូសា ចេញពីប្រទេស តែរយៈពេល០២ថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋមន្ត្រីការបរទេសអឺរ៉ុបឯកភាពគ្នាដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡ១៩រូប សម្រាប់ការចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ ។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យសហភាពអឺរ៉ុបលោកស្រី Nabila Massrali បានលើកឡើងថា សហភាពអឺរ៉ុបមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តបែបនេះ ដែលនឹងនាំអោយមានភាពឯកោអន្តរជាតិបន្ថែមទៀតនៃប្រទេសវេណេស៊ុយអេឡា… យើងអំពាវនាវឱ្យរដ្ឋាភិបាលវេណេស៊ុយអេឡាលុបចោលការសម្រេចចិត្តនេះវិញ ៕ ប្រភព៖ AFP