រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបញ្ជាក់ថា វ៉ាក់សាំងរបស់ Johnson & Johnson ចាក់តែមួយដូស មានសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំង Covid-19
អាមេរិក៖ មន្រ្តីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានបញ្ជាក់នៅក្នុងឯកសារដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះថា ការពិនិត្យឡើងវិញដោយនិយតករអាមេរិកលើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ចាក់តែមួយដូសបានរកឃើញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព ។
របាយការណ៍ខាងលើនេះ បានត្រួសត្រាយផ្លូវអោយក្រុមហ៊ុនផលិតឱសថ Johnson & Johnson ក្លាយជាវ៉ាក់សាំង Covid-19 ទី៣ ដែលត្រូវបានអនុញ្ញាតនៅសហរដ្ឋអាមេរិក ប្រហែលជាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ខណៈវ៉ាក់សាំនេះ អាចជាជម្រើសមួយដែលមានប្រសិទ្ធិភាពក្រៅពីវ៉ាក់សាំង ភីហ្វីហ្សឺ និង ម៉ូឌែណា ហើយអាចត្រូវបានរក្សាទុកនៅក្នុងទូទឹកកកធម្មតាបាន ។
រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) បានសន្និដ្ឋានថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson មានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយទាំងរោគសញ្ញា និងជំងឺធ្ងន់ធ្ងរ ។ តួយ៉ាងទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពជាង៨៥ភាគរយក្នុងការការពារជំងឺធ្ងន់ធ្ងរ ប៉ុន្តែមានប្រសិទ្ធិភាពតែ៦៦ភាគរយប៉ុណ្ណោះ នៅពេលដែលករណីកម្រិតមធ្យមត្រូវបានរាប់បញ្ចូល ៕ ប្រភព៖ Reuters