ក្រសួងមហាផ្ទៃសម្រេចបណ្តេញជនជាតិចិនម្នាក់ជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតរឿងកម្ពុជាលក់វ៉ាក់សាំងកូវីដ-១៩
សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥កុម្ភៈឆ្នាំ២០២១ បានសម្រេចបណ្តេញលោក Shen Kaidong ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតថាកម្ពុជាលក់វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់ប្រទេសចិន។ ការបណ្តេញជនជាតិចិនរូបនោះ បានធ្វើឡើងបន្ទាប់ពីរូបគេត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពីបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Wechat របស់សារព័ត៌មានឈ្មោះ Angkor Today ថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។
ការផ្សព្វផ្សាយនោះត្រូវបានច្រានចោល និងថ្កោលទោសទាំងស្រុងដោយក្រសួងសុខាភិបាល និងស្ថានទូតចិនប្រចាំកម្ពុជាផងដែរ។ ក្រៅពីបណ្តេញចេញ លោក Shen Kaidong ក៏ត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជា ផងដែរ។ ជាមួយគ្នានោះ នៅថ្ងៃ២៥កុម្ភៈឆ្នាំ២០២១ ក្រសួងព័ត៌មាន បានសម្រេចលុបចោលអាជ្ញាបណ្ណចំពោះសារព័ត៌មាន Angkor Today នោះផងដែរ។
សសេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានលុបប្រកាសចុះថ្ងៃទី១៩សីហាឆ្នាំ២០១៥ របស់ក្រសួងដែលអនុញ្ញាតឲ្យលោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today) ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតមានចេតនាទុច្ចរិតធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្ករភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គមដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរល់វិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕កឹម ទៀង