តានតឹងខ្លាំងរឿងលុយ និងបំណុល សាកល្បងវិធីសាមញ្ញទាំងនេះកុំឲ្យវាក្លាយទៅជាស្ត្រេស

លុយ និងបំណុល ៖ មនុស្សភាគច្រើនគឺតែងតែមានអារម្មណ៍បាក់ទឹកចិត្ត តានតឹង ធុញថប់ខ្លាំងនៅពេលដែលពួកគេត្រូវជួបបញ្ហាប្រឈមមុខជាច្រើនដែលលំបាកដោះស្រាយក្នុងនោះអាចមានដូចជាការបាត់បង់ការងារអារម្មណ៍ថាអត់ប្រយោជន៍ និងត្រូវប្រឈមនឹងការគិតដោះស្រាយបញ្ហាបំណុលតែម្តង។

ពួកគេក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អគិតច្រើននិងសូម្បីតែនិយាយអំពីបញ្ហានេះទៅកាន់អ្នកដទៃដោយសារមានភាពខ្មាស់អៀន។បញ្ហានេះនឹងមានចំនួនកាន់តែច្រើនទៅនិងទំងន់កាន់តែធ្ងន់ទៅរហូតធ្វើឲ្យមនុស្សមួយចំនួនដល់ថ្នាក់គិតខ្លីធ្វើរឿងមិនល្អៗក៏ថាបាននិងកើតទៅជាជំងឺស្ត្រេសនាពេលខាងមុខ៖

អ្នកត្រូវចាំថា 1 បញ្ហាគឺ 1000 ដំណោះស្រាយ ប៉ុន្តែមុនពេលដែលអ្នកអាចគិតរកដំណោះស្រាយបានចាំបាច់ត្រូវចាំថាអ្នកត្រូវមានសុខភាពផ្លូវចិត្តដ៏ល្អមួយផងដែរ។ ធ្វើយ៉ាងណាទើបធ្វើឲ្យអ្នកអាចគេចចេញពីកង្វល់ខាងលើនេះ? តាមពិតការអនុវត្តសកម្មភាពសាមញ្ញៗខាងក្រោមគឺពិតជាជួយឲ្យអ្នកមានភាពធូរស្រាលពីបញ្ហានេះ៖

ធ្វើឲ្យខ្លួនរវល់ និងសកម្ម ៖ ជួបមិត្តភ័ក្តផឹកកាហ្វេជជែកពិភាក្សាគ្នាលេង បន្តធ្វើបច្ចុប្បន្នភាព CV របស់អ្នក ហើយបើសល់ពេលវេលាខ្លះកុំនៅស្ងៀម ព្រោះថានឹងនឹកឃើញតែបញ្ហាជាប់ជានិច្ច ដូចនេះការហាត់ប្រាណ ឬលេងកីឡាគឺជារឿងល្អបំផុត។

ប្រឈមមុខទៅនឹងភាពភ័យខ្លាច ៖ បើអ្នកមានបំណុលច្រើន និងបញ្ហាច្រើនក្នុងពេលដំណាលគ្នានោះគឺត្រូវតែប្រឈមមុខជាមួយនឹងវា។ ត្រូវបែកចែកពេលវេលារបស់អ្នកក្នុងមួយថ្ងៃៗឱ្យបានច្បាស់លាស់ ក្រៅតែពីការធ្វើការ និងរកស៊ីហើយនោះ ត្រូវគិតរៀបចំបញ្ហាទាំងនោះទៅជាបញ្ជីអាទិភាពដែលត្រូវដោះស្រាយ ប៉ុន្តែថាតើមួយណាគួរដោះស្រាយមុនគេ ឬមួយណាត្រូវដោះស្រាយដោយរបៀបណា?

កុំពិសារជាតិស្រវឹងច្រើនពេក ៖ មនុស្សភាគច្រើនគិតថាការផឹកស្រាដើម្បីលុបចោលការគិតច្រើន និងការពិបាកចិត្ត ហើយងាយស្រួលគេងជាងមុន ប៉ុន្តែអ្នកត្រូវចាំថានៅពេលដែលចាប់ផ្តើមធ្វើបែបនេះអ្នកនឹងចំណាយលុយកាន់តែច្រើនជាងមុន ជាពិសេសសុខភាពរបស់អ្នកនឹងចាប់ផ្តើមទ្រុឌទ្រោមទាំងប្រាជ្ញា និងស្មារតី ដូចនេះមុន និងក្រោយអ្នកនឹងកាន់តែទន់ខ្សោយចំពោះការដោះស្រាយបញ្ហា។

កុំបោះបង់ទំលាប់ការងារប្រចាំថ្ងៃរបស់អ្នក៖ ងើបឡើងម៉ោងដែលអ្នកធ្លាប់ធ្វើ និងគេងម៉ោងដែលអ្នកចូលគេង។ អាហារពេលព្រឹក អាហារពេលថ្ងៃ និងល្ងាចទៅតាមពេលវេលាធម្មតា។ បន្តធ្វើការងារជាធម្មតា ស្វែងរកប្រភពចំណូលថ្មីនៅពេលដែលអ្នកសល់ពេលវេលា ដូចនេះចំណូលរបស់អ្នកមានតែកើនឡើង។ វាដូចជាការហាត់ប្រាណដែរនៅពេលដែលទៅហាត់យកសាច់ដុំនោះ ត្រឹមមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែ អ្នកនឹងមិនទាន់ឃើញមានអ្វីប្រែប្រួលនោះទេ ប៉ុន្តែកន្លះឆ្នាំក្រោយទើបអ្នកអាចមើលឃើញលទ្ធផល។

សាកល្បងស្វែងរកប្រភពចំណូលថ្មី៖
វាជារឿងមិនល្អនោះទេប្រសិនបើថៅកែ ឬមេរបស់អ្នកបានដឹងថាអ្នកកំពុងមានការងារធ្វើមួយផ្សេងទៀតក្នុងពេលជាមួយគ្នា ប៉ុន្តែអ្នកត្រូវស្វែងរកប្រភពចំណូលណាដែលមិនប៉ះពាល់ដល់ការងារស្នូល ឬការងារពេញម៉ោងរបស់អ្នក។

ពិចារណាឡើងវិញចំពោះបំណុល ៖
តើបំណុលរបស់អ្នកជាបំណុលប្រភេទណា? អ្នកគួរចាប់ផ្តើមធ្វើការសិក្សាឡើងវិញថា តើអ្នកអាចធ្វើការខ្ចីបំណុលបន្ថែមដោយរក្សាការបង់នៅដដែលប្រចាំខែដើម្បីយកមកពង្រីកអាជីវកម្ម បង្កើនប្រភពចំណូលដែរឬទេ? គួរតែពិចារណាប្តូរកម្ចីទៅធនាគារផ្សេងដែលមានការប្រាក់ទាបដែរឬទេ?

ជួបជាមួយនឹងអ្នកជំនាញផ្លូវចិត្ត៖
ជាមធ្យម 3 ខែម្តងអ្នកអាចស្វែងរកប្រឹក្សាពីគ្រូពេទ្យបញ្ហាសុខភាពផ្លុវចិត្តដើម្បីធានាបានថា អ្នកមានភាពធូរស្រាលផ្នែកផ្លូវស្មារតី និងអារម្មណ៍ ឬក៏យ៉ាងណា? ដូចនេះអ្នកនឹងអាចដាក់ផែនការថ្មី
សម្រាប់ខែបន្ទាប់។
សូមសាកល្បងអនុវត្តនូវវិធីសាស្ត្រដូចដែលបានលើកមកបង្ហាញខាងលើនេះជឿថា បញ្ហារបស់អ្នកនឹងមានភាពធូរស្រាលជាងមុនជាក់ជាមិនខាន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner