ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន ៦៤២នាក់ ទទួលបានអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ
ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចហ៊ុនសែន ភ្នំពេញថ្មី (៦៦នាក់) និងវិទ្យាល័យសម្តេចហ៊ុនសែន បុរី១០០ខ្នង (១១៦នាក់) ក្នុងខណ្ឌសែនសុខ វិទ្យាល័យសម្តេចហ៊ុនសែន ពោធិ៍ចិនតុង (១២៦នាក់) ក្នុងខណ្ឌពោធិ៍សែនជ័យ សាលាបឋមសិក្សាសម្តេចហ៊ុនសែន ដង្កោ (១០១នាក់) ក្នុងខណ្ឌដង្កោ វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ (៦៩នាក់ ក្នុងខណ្ឌដូនពេញ និងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (១៦៤នាក់) ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សរុបចំនួន ៦៤២នាក់ បានទទួលអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃមួយចំនួន។
សកម្មភាពមនុស្សធម៌នេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលតែងតែគិតគូជាប្រចាំអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបានគូសបញ្ជក់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ថ្នាក់ដឹកនាំយើង រួមមាន ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលបច្ចុប្បន្នដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន ជាប្រមុខ តែងតែនៅជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋ ជាពិសេសគ្រប់គ្រាលំបាក លោកតែងតែចែករំលែក និងទទួលការលំបាកទាំងអស់នេះ ព្រមទាំងខិតខំដោះស្រាយការលំបាកទាំងអស់នេះជូនប្រជាពលរដ្ឋ។
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអំពាវនាដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ ដែលបាននិងកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន ដោយបន្តថែទាំសុខភាពរៀងៗខ្លួន ប្រសិនជាមានបញ្ហាអ្វីមួយ សូមទាក់ទងមកកាន់មន្ត្រី និងកងកម្លាំង ដែលកំពុងប្រចាំការស្រាប់ និងជាពិសេសការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារជំងឺកូវីដ-១៩ «៣ការពារ ៣កុំ និង២ចូលរួម រួមមាន៖ ៣ការពារគឺ-ការពាក់ម៉ាស់ ការលាងដៃនឹងអាកុលឬជែល និងការរក្សាគម្លាតសង្គមចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។
៣កុំគឺ-កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលឬកន្លែងម៉ាស៊ីនត្រជាក់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ពាល់គ្នា (គ្រប់រូបភាព)។ ២ចូលរួមគឺ-ការចូលរួមស្កេន ឃ្យូអរកូដ និងការចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩។ វិធានទាំងអស់នេះគឺជាឱសថទិព្វ ដើម្បីប្រយុទ្ធប្រឆាំងនឹងរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាឱកាសនេះ ជាទឹកចិត្តអាណិតស្រលាញ់ និងយកចិត្តទុកដាក់ពីសុខទុក្ខចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយពុំបានរើសអើង វណ្ណៈ ជាតិសាសន៍ ឬពណ៌សម្បុរឡើយ ពោលគឺប្រកបដោយសមធម៌ និងមនុស្សធម៌ពិតប្រាកដ។
អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ចំនួន ៦៤២នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកដោះគោកំប៉ុង ២កំប៉ុង ទឹកផ្លែឈើ ២ដប អូវ៉ាន់ទីន ១កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប នំ ១ប្រអប់ សាប៊ូកក់សក់ ១ដប សាប៊ូលាងដៃ ១ដប សាប៊ូម្សៅ ១កញ្ចប់ ម៉ាស ១ប្រអប់ ច្រាស និងថ្នាំដុសធ្មេញ ១ដើម ១ប្រអប់ ក្រដាសអនាម័យដុំ ១ប្រអប់ ក្រដាសអនាម័យដុំ ២ដុំ ធុងជ័រធំ ១ធុង និងថវិកាចំនួន ១០ម៉ឺនរៀល៕ ដោយ / គ្រី សម្បត្តិ