ម៉ាស៊ីនសិក្សាស្វ័យប្រវត្តិកំពុងកែប្រែរូបរាងនៅក្នុងឧស្សាហកម្មធំៗចំនួនប្រាំក្នុងឆ្នាំ ២០២១
បច្ចេកវិទ្យា៖ ម៉ាស៊ីនសិក្សាស្វ័យប្រវត្តិ ឬហៅជាភាសាអង់គ្លេសថា Machine Learning ត្រូវបានគេស្គាល់ថាជាបច្ចេកវិទ្យាមួយប្រើប្រាស់ច្រើនបំផុតនៅជំនាន់មនុស្សសម័យថ្មីនេះ ដែលមានសមត្ថភាពពិសេសនិងធ្វើឱ្យកាន់តែប្រសើរឡើងក្នុងវិស័យឧស្សាហកម្មទាំងឡាយលើសកលលោក។ ក្រុមហ៊ុនអាជីវកម្មធំៗមួយចំនួនបានបច្ចេកវិទ្យានេះ ដើម្បីអាចទាញយកចំណូល ចំណេញពេលវេលា និងកាត់បន្ថយចំណាយថ្លៃដើមបានយ៉ាងច្រើន។ វត្តមានម៉ាស៊ីនសិក្សាស្វ័យប្រវត្តិកំពុងកែប្រែរូបរាងនៅក្នុងឧស្សាហកម្មធំៗចំនួនប្រាំក្នុងឆ្នាំ ២០២១។
១. ឧស្សាហកម្មថែទាំសុខភាព ៖ អ្វីដែលយើងបានឃើញច្បាស់គ្រប់គ្នានៅក្នុងសម័យកូវីដនេះ បច្ចេកវិទ្យា Machine Learning បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការងារផលិតវ៉ាក់សាំងដែលមានគុណភាព ព្រមទាំងប្រើប្រាស់ពេលវេលាកាន់តែមានប្រសិទ្ធភាព។ ដោយឡែកឆ្នាំ ២០២១នេះវិញ វានឹងធ្វើទំនើបកម្មកាន់តែឈានមុខបន្ថែមទៀតចំពោះជីវិតមនុស្ស។
២. វិស័យធនាគារនិងហរិញ្ញវត្ថុ ៖ ប្រតិបត្តិការផ្ទេរលុយដកលុយតាមប្រព័ន្ធឌីជីថល ជាបច្ចេកវិទ្យាទំនើបបំផុតដែលវិស័យនេះកំពុងដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យា Mahine Learning ។ លើសពីនេះ គេប្រើប្រាស់ដើម្បីការពារការបន្លំប្រាក់និងបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
៣. ឧស្សាហកម្មសារព័ត៌មាននិងកម្សាន្ត ៖ ទិន្នន័យទាំងឡាយលើបណ្តាញសារព័ត៌មានពិតជាសំខាន់ខ្លាំងណាស់ចំពោះការរកចំណូលជូនអង្គភាពដូចនេះម៉ាស៊ីនសិក្សាស្វ័យប្រវត្តិ គឺជាឧបករណ៍ដ៏សំខាន់ដើម្បីអាចឱ្យឧស្សាហកម្មនេះ អាចប្រមូលតួលេខព្រមទាំងសិក្សាពីចំណង់ចំណូលចិត្តនិងទំនោររបស់អ្នកប្រើប្រាស់។
៤. ឧស្សាហកម្មលក់រាយនិងទំនិញអនឡាញ ៖ ជំងឺកូវីដបានផ្តាច់ជីវិតអាជីវកម្មជាច្រើនលើសសកលលោក មានតែអាជីវកម្មដែលសម្រេចចិត្តប្តូរមកដំណើរការតាមអនឡាញប៉ុណ្ណោះទើបបន្តដង្ហើមរស់បាន។ ម៉ាស៊ីនសិក្សាស្វ័យប្រវត្តិបានជួយដល់វិស័យលក់រាយនិងទំនិញជាច្រើន ជាពិសេសទៅលើបច្ចេកវិទ្យាគ្រប់គ្រងទំនិញ ការបង់លុយ និងការដឹកជញ្ជូនផងជាដើម។
៥. ឧស្សាហកម្មផលិតកម្ម ៖ ឧស្សាហកម្មផលិតកម្មជាច្រើនតែងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាគ្មានខ្សែ (IoT) យ៉ាងទូលំទូលាយ ហើយគេជឿជាក់ថាវានឹងមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ។ ទន្ទឹមគ្នានេះបច្ចេកវិទ្យាម៉ាស៊ីនសិក្សាស្វ័យប្រវត្តិនឹងក្លាយទៅជាស្ពានចម្លងនៃការដោះដូរទិន្នន័យ កិច្ចការងារស្វ័យប្រវត្តិ ការផ្គត់ផ្គត់ ព្រមទាំងជំរុញឱ្យសង្វាក់ផលិតកម្មនានាដំណើរការកាន់តែងាយស្រួល៕